មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈគ្រប់រូប ត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ទាំងក្នុងផ្នែកបច្ចេកទេស សីលធម៌ ច្បាប់ និងវិន័យការងារ

20-02-2026 17:16

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចុះមកផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងគោលការណ៍ភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ នៅមន្ទីរពេទ្យជាតិ ត​េជោសន្ដិភាព នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានគូសរម្លឹកជាថ្មីថា អ្នកប្រកបវិជ្ជាជីវៈគ្រប់រូប ត្រូវទទួលខុសត្រូវចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ទាំងក្នុងផ្នែកបច្ចេកទេស សីលធម៌ ច្បាប់ និងវិន័យការងារ។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ដូច្នេះការចុះមកពិធីផ្សព្វផ្សាយច្បាប់ទាំងនេះបន្ថែមទៀត ទៅដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យតេជោសន្តិភាព ដែលជាអង្គភាពវេជ្ជសាស្ត្រស្នូលមួយរបស់កម្ពុជា គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ស្ថាប័នសុខាភិបាល និងគណៈគ្រូពេទ្យ ចំពោះការអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ មានគុណភាព និងមានសុវត្ថិភាព ស្របតាមច្បាប់ និងស្តង់ដារជាតិ អន្តរជាតិ ក្រោមទិសដៅរបស់ Ministry of Health Cambodia។

ក្រុមប្រឹក្សាគ្រូពេទ្យកម្ពុជា មានបេសកកម្មស្នូល ក្នុងការធានាឱ្យការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា ប្រព្រឹត្តទៅតាមច្បាប់ ស្តង់ដារ សីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដោយផ្តោតលើគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺជាចម្បង ស្របតាមតួនាទីរបស់ Medical Council of Cambodia។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា ការអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ តាមច្បាប់ និងក្រមសីលធម៌ គឺជាកាតព្វកិច្ចមិនអាចខ្វះបានរបស់គ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប ។លើសពីនោះសុវត្ថិភាពអ្នកជំងឺ គឺជាអាទិភាពខ្ពស់បំផុត នៃការអនុវត្ត និងការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត្រ» ។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងថា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ ត្រូវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ស្តង់ដារបច្ចេកទេស និងការប្រុងប្រយ័ត្នវិជ្ជាជីវៈជានិច្ច។ ជាមួយគ្នានេះទំនួលខុសត្រូវ និងគណនេយ្យភាពវិជ្ជាជីវៈ គឺជាមូលដ្ឋានសំខាន់នៃទំនុកចិត្តសាធារណៈជន មកលើវិស័យសុខាភិបាលទាំងមូល។ «ដូច្នេះអ្នកប្រកបវិជ្ជាជីវៈគ្រប់រូប ត្រូវទទួលខុសត្រូវចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ទាំងក្នុងផ្នែកបច្ចេកទេស សីលធម៌ ច្បាប់ និងវិន័យការងារ»។

ក្នុងបរិបទនេះ ការក្លាយជាគ្រូពេទ្យថ្លៃថ្នូរ (Dignified Doctor) គឺជាគោលដៅសំខាន់របស់វិជ្ជាជីវៈវេជ្ជសាស្ត្រ និងជាគ្រឹះសម្រាប់ការកសាងទំនុកចិត្តរបស់សង្គមចំពោះប្រព័ន្ធសុខាភិបាល។ ដើម្បីសម្រេចបាននូវគោលដៅនេះ គ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល លោកសាស្ត្រាចារ្យ ឡឹម តារា បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់អនុវត្តជាបន្តបន្ទាប់នូវគោលការណ៍សំខាន់ៗដូចជា៖

* ប្រកាន់ខ្ជាប់ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈជាមូលដ្ឋាន ដោយអនុវត្តការងារដោយស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់។
* បម្រើអ្នកជំងឺដោយមនុស្សធម៌ ការយល់ចិត្ត និងការគោរពសិទ្ធិ ដោយដាក់អ្នកជំងឺជាចំណុចកណ្ដាលនៃការផ្តល់សេវា។
* បន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ តាមរយៈការសិក្សា និងការបណ្តុះបណ្តាល ដើម្បីធានាគុណភាព និងសុវត្ថិភាពនៃការព្យាបាល។
* រក្សាកិត្តិយស និងរូបភាពល្អនៃវិជ្ជាជីវៈ ដោយមានអាកប្បកិរិយាសមរម្យ សុភាពរាបសារ និងការគោរពគ្នាទៅវិញទៅមក។
* ទទួលខុសត្រូវ និងហ៊ានទទួលស្គាល់កំហុស រាយការណ៍ឧប្បត្តិហេតុដោយស្មោះត្រង់ និងចូលរួមក្នុងការកែលម្អប្រព័ន្ធគុណភាពជាបន្តបន្ទាប់។

តាងនាមក្រុមប្រឹក្សាគណគ្រូពេទ្យជាតិ លោកសាស្ដ្រាចារ្យបានអំពាវនាវដល់គ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា ស្វែងយល់អំពីច្បាប់ ក្រមសីលធម៌ និងបទប្បញ្ញត្តិវិជ្ជាជីវៈនានា ដើម្បីជាការតំរង់ទិសក្នុងការប្រកបវិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនោះលោកក៏ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារ និងធានាឱ្យវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា មានគុណភាពខ្ពស់ មានសុវត្ថិភាព ស្របតាមច្បាប់ និងស្តង់ដារជាតិ អន្តរជាតិ ដើម្បីជាប្រយោជន៍សុខភាព សុខុមាលភាពប្រជាពលរដ្ឋ និងការពង្រឹងទំនុកចិត្តសាធារណៈលើប្រព័ន្ធសុខាភិបាលជាតិកម្ពុជា។

ជាមួយគ្នានេះដែរ លោក សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានថ្លែងឱ្យដឹងថា ការផ្សព្វផ្សាយនាពេលនេះ ពិតជាពន្លឺបង្ហាញផ្លូវដ៏ភ្លឺស្វាងសម្រាប់បុគ្គលិកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក៏ដូចជាវេជ្ជបណ្ឌិតដែលកំពុងបម្រើការនៅតាមអង្គភាពផ្សេងៗទៀតក្រោមចំណុះក្រសួងសុខាភិបាល ។ដូច្នេះលោកបានប្តេជ្ញាចិត្តក្នុងការរៀបចំ និងអនុវត្តយ៉ាងសកម្មនូវស្តង់ដានៃការទទួលស្គាល់គុណ ភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលហៅថា CHAS ដើម្បីឱ្យមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្លាយជាគំរូនៃគុណភាព៕