ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ណែនាំដល់មន្ត្រីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបកស្រាយបំភ្លឺការពិតឲ្យបានទាន់ពេលវេលា
20-02-2026 21:20
(ព្រៃវែង)៖ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានថ្លែងណែនាំដល់មន្ត្រីព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបន្តខិតខំតាមដានព័ត៌មាន Fake News ដែលមានបំណងបំពុលសង្គម ដើម្បីធ្វើការបន្សាប និងបកស្រាយបំភ្លឺការពិតឲ្យបានទាន់ពេលវេលា ជូនដល់សាធារណជន។
ការថ្លែងលើកឡើងបែបនេះរបស់ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ដើម្បីពិនិត្យលើសមិទ្ធផលដែលសម្រេចបាន និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ញ៉ែម សៅគ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីទាំងអស់ ដែលបានសហការគ្នាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។
លោកប្រធានមន្ទីរព័ត៌មានបានណែនាំដល់មន្ត្រីទាំងអស់ ត្រូវពង្រឹងកិច្ចសហការ បន្តសហការគ្នាឲ្យបានស្អិតរមួត ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការិយាល័យនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការងារកាន់តែខ្ពស់នៅខែបន្ទាប់។
សូមបញ្ជាក់ថា កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាព័ត៌មានជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរឡើង៕














