អភិបាលខេត្តព្រះវិហារ អញ្ជើញប្រកាសចូលកាន់តំណែងលោក ថោង គឹមថេង ជាអភិបាលរងស្រុកជាំក្សាន្ត
20-02-2026 21:21
(ព្រះវិហារ)៖ លោក ថោង គឹមថេង អតីតនាយករដ្ឋបាលសាលាស្រុកជាំក្សាន្ត ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងស្រុកជាំក្សាន្ត និងបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះ លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលដៃម្ខាងខិតខំបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋភៀសសឹក និងការងារអភិវឌ្ឍន៍នៅមូលដ្ឋាន និងដៃម្ខាងទៀត ខិតខំកៀរគរប្រភពធនធាន គ្រឿងឧបភោគបរិភោគ ស្បៀងអាហារ និងសម្ភារចាំបាច់នានា ដើម្បីគាំទ្រសមរភូមិមុខ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ។
លោក គីម រិទ្ធី ក៏បានសម្តែងនូវការអបអរសាទរចំពោះលោក ថោង គឹមថេង អតីតនាយករដ្ឋបាលសាលាស្រុក ដែលត្រូវបានក្រសួងមហាផ្ទៃ ផ្តល់នូវសេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងស្រុកជាំក្សាន្ត បំពេញមុខដំណែងដែលនៅទំនេរ តាមសំណើរបស់រដ្ឋបាលខេត្ត ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងមានការ ត្រួតពិនិត្យវាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ ជាធរមាន។
លោកអភិបាលខេត្តព្រះវិហារ ថ្លែងទៀតថា ការផ្តល់ទំនុកចិត្ត តែងតាំងមុខតំណែងនេះ គឺជាការផ្តល់ឱកាសឲ្យបញ្ចេញសមត្ថភាព អភិវឌ្ឍន៍ខ្លួន និងការលើកទឹកចិត្តដល់មន្ត្រី រាជការរបស់យើង ហេតុនេះសូមលោក ថោង គឹមថេង អភិបាលរងស្រុកជាំក្សាន្ត ដែលធ្លាប់ជានាយករដ្ឋបាលស្រាប់ សូមបន្តពង្រឹងការខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង រៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំ និងបន្តខិតខំពង្រឹងសមត្ថភាពចំណេះដឹង នឹងការអភិវឌ្ឍខ្លួនឲ្យបានពេញលេញ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដើម្បីជួយការងាររដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពរីកចម្រើនបន្ថែមទៀតជាពិសេសគឺការដោះស្រាយឆ្លើយតបទៅមូលដ្ឋាន នៅក្នុងដំណាក់កាល នៃការស្តារឡើងវិញ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើមរណភាពទឹកដី និងដែនអធិបតេយ្យកម្ពុជាយើង។
លោក គីម រិទ្ធី ក៏បានថ្លែងក្រើនរំលឹកផ្តាំផ្ញើនូវការងារមួយចំនួន ដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរឃុំ ភូមិ ដូចខាងក្រោម៖
*បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបបំពេញការងារ ខ្សែគណនេយ្យភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ រវាងក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ បណ្តាអង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
*ពង្រឹងការងារប្រតិកម្មរហ័ស និងក្តាប់សភាពការណ៍ ឬបាតុភាព និងសតិអារម្មណ៌របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសភាពការណ៍ផុយស្រួយ នៃបញ្ហាព្រំដែន ដើម្បីអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋឱ្យមានទំនុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលរឿង ការងារព្រំដែន ដោយកុំជ្រួលប្របល់តាមព័ត៌មានមិនពិត ឬ ព័ត៌មានបំពុលសង្គមជាដើម។
*ជំរុញ ពង្រឹង និងបណ្តុះវប្បធម៌សន្តិភាព សីលធម៌សង្គម ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មាន ឬសកម្មភាពផ្សេងៗ ជាព័ត៌មានពិត ដោយឈរលើស្មារតីទទួលខុសត្រូវ។
*ពង្រឹងការអនុវត្ត និងរៀបចំប្រព័ន្ធការងារ ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់គណៈអភិបាល និងមន្ត្រី បុគ្គលិក ឲ្យសមស្របតាមទិសស្លោករបស់ប្រមុខរាជរដ្ឋាភិបាល គឺធ្វើយ៉ាងណា «រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ»៕





















