សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់វីរកងទ័ព នៅមន្ទីរពេទ្យកាល់ម៉ែត
21-02-2026 12:29
(ភ្នំពេញ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសមានចិត្តអាណិតអាសូរយ៉ាងពន់ពេកដល់វីរយុទ្ធជនកម្ពុជា ដែលរងរបួសដោយសារការខិតខំតស៊ូការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន ពីការឈ្លានពានដោយចោរសៀមសារជាថ្មី នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ និងឧបត្ថម្ភថវិកាមួយចំនួនដល់វីរកងទ័ពកម្ពុជាចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងចំណោមវីរកងទ័ពទាំង ៥នាក់នោះ មាន២នាក់ ទើបតែចូលសម្រាកពេទ្យរួមមាន៖
*១៖ ពលបាលទោ អាយុ៣២ឆ្នាំ ប្រចាំការនៅតំបន់៣៣៩ កោះកុង
*២៖អនុសេនីយ៍ឯក អាយុ៥៩ឆ្នាំ ប្រចាំការនៅទិសប្រាសាទតាក្របី។
រីឯវីរកងទ័ព ៣នាក់ទៀត គឺជាវីរកងទ័ព ដែលបានត្រឡប់មកសម្រាកពេទ្យម្ដងទៀត ខណៈពួកគាត់ ធ្លាប់ត្រូវបានសម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង សួរសុខទុក្ខនិងឧត្ថម្ភថវិកាម្ដងរួចហើយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោម ៨នាក់ ដែលចូលពេទ្យលើកមុន។
ក្នុងឱកាសនេះ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានជូនពរដល់វីរកងទ័ពទាំងអស់ឱ្យបានជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងបានថ្លែងអំណរគុណ និងការគោរពដល់វីរកងទ័ពយើង ដែលបានលះបង់សាច់ឈាម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យភាពប្រទេសយើង៕








