រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ«PPWSA» ដើម្បីជួយសម្រួលដល់ពលរដ្ឋបង់ថ្លៃទឹក ឬស្នើសុំភ្ជាប់បណ្តាញទឹកថ្មី (Video inside)
21-02-2026 13:19
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់សេវាតាមទូរសព្ទដៃ PPWSA Mobile App ដែលនឹងបន្តពង្រឹងការផ្តល់សេវា និងស្របតាមការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជាងមុន។
ការដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីនេះ នឹងជួយសម្រួលដល់អតិថិជនឱ្យកាន់តែងាយស្រួលក្នុងការគ្រប់គ្រងការទូទាត់ថ្លៃទឹករបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងរដ្ឋាករទឹកដោយផ្ទាល់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីបិទសន្និបាតបូកលទ្ធផលការងារអាជីវកម្មឆ្នាំ២០២៥ និងទិសដៅការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឆ្នាំ២០២៦ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកទឹកចិត្តដល់ពលរដ្ឋដែលប្រើប្រាស់បណ្តាញទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងអស់ប្រើប្រាស់ កម្មវិធីទូរសព្ទដៃ«PPWSA App» ដែលធ្វើឱ្យអតិថិជន មានភាពងាយស្រួល និងចំណេញពេលវេលាក្នុងការបង់ថ្លៃទឹក និងឬស្នើសុំភ្ជាប់បណ្តាញទឹកថ្មី ក៏ដូចជាការស្នើសុំសេវាផ្សេងៗពីរដ្ឋាករទឹក។ លើសពីនេះ អតិថិជនក៏អាចដាក់លុយទុកបង់ នៅពេលមានការរវល់ឬចេញទៅក្រៅប្រទេសផងដែរ។
លើសពីភាពងាយស្រួលក្នុងការទូទាត់ថ្លៃប្រើប្រាស់ទឹក PPWSA App មានមុខងារសំខាន់ៗមួយចំនួនទៀត ដូចជាការពិនិត្យវិក្កយបត្រទឹកប្រចាំខែ និងប្រវត្តិបង់ប្រាក់, តាមដានការប្រើប្រាស់ និងពិនិត្យទិន្នន័យគីឡូទឹក, ស្នើសុំតភ្ជាប់ថ្មី និងដាក់ពាក្យសុំតភ្ជាប់បណ្តាញទឹកស្អាត។ លើសពីនេះ អតិថិជននឹងទទួលបានដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹក ឬការជួសជុលផ្សេងៗ។
បើតាម លោក ឡុង ណារ៉ូ PPWSA App ត្រូវបានដាក់ឱ្យដំណើរការសាកល្បង កាលពីចុងឆ្នាំ២០២៣ ដែលមកទល់ពេលនេះ មានអ្នកទាញកម្មវិធីនេះយកទៅប្រើប្រាស់ប្រមាណជាង៤ម៉ឺននាក់៕













