មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង២,០០០ម៉ែត្រ នៅឃុំសំរោងលើ ស្រុកបន្ទាយមាស
21-02-2026 13:42
(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីទទួលបានការណែនាំពីលោករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំ គណៈប្រតិភូ អញ្ជើញចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់០.២ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន៧កន្លែង ស្ថិតនៅភូមិត្រាំសសរ និងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត (គម្រោងលេខ DRR-NC-2024-No.053)។
ក្នុងពេលចុះពិនិត្យជាក់ស្តែង លោកបណ្ឌិត បានជួបជាមួយលោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើ, ជំទប់ និងស្មៀនឃុំ ព្រមទាំងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកំពុងសាងសង់នេះ ដើម្បីស្តាប់មតិយោបល់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូមួយខ្សែប្រវែង២គីឡូម៉ែត្រដ៏មានសារៈសំខាន់នេះ។
អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានសន្យាថា នឹងខិតខំសហការឲ្យបានល្អ ជាមួយក្រុមហ៊ុនទទួលសាងសង់ ក្នុងការដោះស្រាយផលប៉ះពាល់ និងសន្យាថា មិនបង្កជាឧបសគ្គដល់ផែនការសាងសង់ផ្លូវនេះឡើយ ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានយោគយល់ ចំពោះផលប៉ះពាល់ខ្លះៗដូចជាការហុយធូលី និងរអិលជាយថាហេតុ ពេលក្រុមហ៊ុនស្រោចទឹកលើផ្លូវការពារកុំអោយហុយជាដើម។ ជាមួយគ្នានោះដែរ លោកបណ្ឌិត ក៏បានណែនាំឲ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងពន្លឿនការសាងសង់ឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាងសង់ ដែលបានជួយបំពាក់អំពូលភ្លើងសូឡានៅតាមលូ និងស្ពាន និងបានជួយបន្ថែមបង្គោលសុវត្ថិភាពចរាចរណ៍ និងចំណាំងផ្លាត ត្រូវផ្លូវកោង ដើម្បីធានានូវសុវត្ថិភាពបើកបរ និងចូលរួមកាត់បន្ថយអត្រាមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

































