សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សខេត្តស្វាយរៀង
21-02-2026 15:04
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តស្វាយរៀង។
ក្នុងពិធីនោះ ក៏មានការចូលរួមពីលោក ហ៊ុន ម៉ានី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តស្វាយរៀងសរុបប្រមាណ ៣២១រូប។
លោក ប៉េង ពោធ៍សា ប្រធានគណៈចលនាមហាជនខេត្តស្វាយរៀង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀងនាឱកាសនេះ។ ជាមួយគ្នានេះ លោកបានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៃការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត និងវឌ្ឍនភាពការងារដែលគណៈចលនាមហាជនខេត្តសម្រេចបាន ជូនដល់គណៈអធិបតី និងអង្គពិធី។
ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាធ្វើការថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវឌ្ឍថ្មីៗ នៃនយោបាយទាំងក្នុង និងក្រៅប្រទេស ដែលបាន និងកំពុងជះឥទ្ធិពលមកលើសតិអារម្មណ៍មហាជន។
សម្ដេចបានគូសបញ្ជាក់ផងដែរថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។
សម្តេចអនុប្រធាន ក៏បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ជំលោះព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចពីការយកចិត្តទុកដាក់ជាប្រចាំរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព និងប្រជាជនកម្ពុជា។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឲ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជនឲ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល ហើយរួបរួមគ្នាថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពកម្ពុជាឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕





















