ស្ត្រីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូនតូច៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

21-02-2026 15:30

(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខ ភាពល្អ»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន និងមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រួពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនទៀត។ ពិធីនេះបានប្រារព្វធ្វើនៅបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក សុខ លូ ក៏បានអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសសារអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនចំពោះជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដូចជា៖

*១. លើកកម្ពស់ការយល់ដឹងបន្ថែម និងជួយស្ត្រីតាមរយៈ៖

-ផ្តល់ការណែនាំឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃ ទទួលបាន ការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការបង្ការការចម្លងមេរោគនានាពីម្តាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយនិងទារកក្នុងផ្ទៃ ដូចជាការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។ល។
-រម្លឹកស្ត្រីឱ្យចេះតាមដានការលូតលាស់របស់កូន ដោយតាមដានការធ្វើចលនារបស់ទារកក្នុងផ្ទៃ (ទារកកម្រើក ឬបម្រះ) ជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យភ្លាម បើសិនជាសង្ស័យថាមានសញ្ញា គ្រោះថ្នាក់ណាមួយ
-រម្លឹកស្ត្រីមានផ្ទៃពោះ កុំឱ្យធ្វើការធ្ងន់ ព្យាយាមនៅកន្លែងដែលមានខ្យល់អាកាសល្អ មិនក្តៅខ្លាំង និងស្ត្រីត្រូវសម្រាកឱ្យបានច្រើន និងជាពិសេសមិនត្រូវប្រើថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ជា មិនត្រូវជក់បារី ឬប្រើគ្រឿងស្រវឹង គ្រឿងញៀន

*២. សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មូលដ្ឋានសហគមន៍ ជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល៖

-ដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបាន ទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ
-ក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ សូមជួយស្ត្រីមានផ្ទៃពោះឱ្យទទួលបានសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមណ្ឌលសុវត្ថិភាពដែលបានរៀបចំផ្តល់ជូនដោយមន្ទីរសុខាភិបាល ក្រសួងសុខាភិបាល

*៣. សូមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ បន្តនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថែមទៀត

*៤. សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមសាខា/អនុសាខា និងក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិថ្នាក់កណ្តាល និងថ្នាក់សាខាចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីបុគ្គលិកសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារសុខភាពសំខាន់ៗ ដើម្បី ជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប ជាពិសេសមាតា និងទារកនៅកម្ពុជា

*៥. សូមស្ថាប័នជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាដល់ការគាំពារសុខភាពមាតា ទារក និងកុមារ ដែលជាគោលបំណងរួមរបស់យើងទាំងអស់គ្នា។

តាមរយៈសារលិខិតខាងលើនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងចែកជូនវត្ថុកំដរដៃជូនស្ត្រីសម្រាលកូនតូច ស្ត្រីត្រៀមសម្រាល និងស្រ្តីមានផ្ទៃពោះចំនួន៨០នាក់ក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គីឡូ, មី១កេស, ទឹកសុទ្ធ១ កេស, ត្រីខ ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ឃីត ១កញ្ចប់ មាន (មុង,ភួយ,សារុង និងក្រមា) និងថវិកាចំនួន៤ ម៉ឺនរៀល៕