ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ខ្សែបន្ថែមទៀត ប្រវែងជាង៤គីឡូម៉ែត្រ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
21-02-2026 16:15
(ត្បូងឃ្មុំ)៖ លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ (មាន ៨កំណាត់) ប្រវែង សរុប ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក អាន ស៊ីណា ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ រួមនឹងតំណាងក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គខនស្ត្រាក់សិន និង ឌីវើឡុបមែន ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការសាងសង់ហេដ្ឋារចនា សម្ព័ន្ធជនបទ ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឌកម្ពុជា ដែលផ្ដោតលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោក ប៊ុន ចន្ទវណ្ណៈ ក៏បានពន្យល់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាពជាតិ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
លោក ប៊ុន ចន្ទវណ្ណៈ បានគូសបញ្ជាក់ដែរថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ ខ្សែ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំនាពេលកន្លងមក។
លោក ប៊ុន ចន្ទវណ្ណៈ បានគូសបញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ មានកិច្ចសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុង មូលដ្ឋានគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការ ក្នុងកាប្រើប្រាស់ផ្លូវមួយខ្សែនេះ ។
បន្ថែមលើនេះ លោក រដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងសប្បាយរីករាយជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយលោកបានបញ្ជាក់ថា គម្រោងស្ថាបនានេះ មិនមែនជាគម្រោងចុងក្រោយនោះទេ វាជាជំហានបឋមដែលយើងនឹងត្រូវខិតខំប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលល្បាយក្រួស ហើយទៅថ្ងៃខាងមុខ យើងនឹងបន្តប្រែក្លាយទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការដឹកជញ្ជូនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ។
ចុងក្រោយ លោករដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការស្ថាបនាប្រព្រឹត្តទៅដោយជោគជ័យតាមផែនការ និងត្រូវរួមគ្នាថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម៕















