លោក ហ្សង់ ហ្រ្វង់ស័រតាន់៖ វត្តមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាម៉េរិក បញ្ជាក់នូវជំហរឥតងាករេរបស់កម្ពុជា ក្នុងនាមជាប្រទេសតូចដែលស្រឡាញ់សន្តិភាព (Video inside)
21-02-2026 17:00
(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា វត្តមានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក គឺបានបញ្ជាក់ឡើងវិញនូវជំហរឥតងាករេរបស់កម្ពុជា ក្នុងនាមជាប្រទេសតូចដែលស្រឡាញ់សន្តិភាព និងដែលមានតែប្រទេសមិត្តនៅក្នុងលោក កម្ពុជាត្រូវការឈរនៅចំកណ្តាល លើទីតាំងដែលមានតុល្យភាពល្អ នៅចន្លោះចិននិងអាមេរិក។
តាមរយៈបណ្តាញសង្គម លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានរៀបរាប់យ៉ាងដូច្នេះថា៖ «សម្តេចធិបតី បញ្ជាក់ឡើងវិញនូវជំហរភូមិសាស្ត្រនយោបាយឥតងាករេរបស់កម្ពុជា រួមមាន៖
១. វត្តមានរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅ Washington DC, ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្តែងឱ្យឃើញនូវដំណាក់កាលចម្បងមួយនៃការទូតកម្ពុជា។ គេអាចសំយោគ ការទូតសកម្មប្រកបដោយតុល្យភាពនិងទំនួលខុសត្រូវមួយនេះ ដោយប្រើពាក្យអង់គ្លេសបីម៉ាត់៖ to multilateralize, to publicize និង to bilateralize។
២. តាមរយៈការចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (BoP), សម្តេចធិបតី បង្ហាញជាថ្មីនូវជំហរឥតងាករេរបស់កម្ពុជាដែល ជាយូរឆ្នាំកន្លងមកហើយ មានមូលដ្ឋាននៅលើសន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម ។ បានន័យថា នៅគ្រប់ទីកន្លែងណាដែលមានកិច្ចសន្ទនាបែបពហុភាគី ដើម្បីលើកឡើងពី«សន្តិភាព» គឺត្រូវតែមានមុខប្រទេសកម្ពុជា។
៣. ទន្ទឹមនេះ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្មានឱកាសណាប្រសើរជាងពេលនេះ នៅ Washington DC ទេ ដើម្បីបញ្ជាក់ជាថ្មីនូវជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ។ និយាយបែបផ្សេង កម្ពុជានៅរក្សាជម្រើសឥតងាករេដដែល នោះគឺ ដំណោះស្រាយទ្វេភាគី ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការបច្ចេកទេស និងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់។ ប៉ុន្តែថៃត្រូវប្រញាប់វិលមកកាន់តុចរចា។ ដូចគ្នា ពេលនេះក៏ជាពេលដែលកម្ពុជាត្រូវនិយាយបំភ្លឺការពិតមួយចំនួនដែរ។ ម្ល៉ោះហើយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក Reuters និង Fox News Digital, សម្តេចធិបតី លាតត្រដាងយ៉ាងចំហប្រាប់ពិភពលោកថា «កងទ័ពថៃចូលកាន់កាប់ច្រើនទីតាំង យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ការកាន់កាប់នេះ គឺវាហួសឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារចង់បានជាឯកតោភាគីទៅទៀត»។
៤. ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក «គឺជាគោលដៅទីបីរបស់សម្តេចធិបតី នៅ Washington DC។ ការទូតនេះស្តែងឡើង តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកនៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងក្រសួងសង្គ្រាម»៕





