សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រៃវែង
21-02-2026 17:25
(ព្រៃវែង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។
ក្នុងពិធីនេះក៏មានវត្តមានអមសម្តេចអនុប្រធានគណបក្សរួមមាន៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន លោកអគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តព្រៃវែងជិត៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សួន សុម៉ាលីន ប្រធានគណៈចលនាមហាជនខេត្តព្រៃវែង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រៃវែង ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅក្នុងខេត្តជូនគណៈអធិបតី។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណ ជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។
សម្តេចបានលើកឡើងបន្តទៀតថា កិច្ចជំនួបថ្ងៃនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងសតិអារម្មណ៍មហាជននៅក្នុងមូលដ្ឋានរៀងៗខ្លួន សំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក។
ជាមួយគ្នានេះ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបានរំលេចនូវចំណាត់ការ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ បញ្ជៀសនូវបញ្ហាធ្ងន់ធ្ងរ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋានរៀងៗខ្លួន៕


























