សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន៖ «សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងទទួលបាន គឺជាកេរតំណែលប្រវត្តិសាស្ត្រ ហើយត្រូវតែរួបរួម បន្តថែរក្សាការពារឲ្យបានដាច់ខាត»
21-02-2026 20:37
(ព្រៃវែង)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តព្រៃវែង។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក ហ៊ុន ម៉ានី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តព្រៃវែងសរុបប្រមាណ៤៥៨រូប។
លោក សួន សុម៉ាលីន ប្រធានគណៈចលនាមហាជនខេត្តព្រៃវែង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រៃវែងនាឱកាសនេះ។ ជាមួយគ្នានេះ លោកបានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ នៃការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត និងវឌ្ឍនភាពការងារដែលគណៈចលនាមហាជនខេត្តសម្រេចបាន ជូនដល់គណៈអធិបតី និងអង្គពិធី។
ថ្លែងទៅកាន់អង្គពិធី សម្តេចអនុប្រធានបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុប្រធាន សមាជិក សមាជិកាបក្ស ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារគណបក្ស និងការចុះពង្រឹងមូលដ្ឋាន ជាពិសេសការងារគណៈចលនាមហាជន ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
ក្នុងឱកាសនោះ សម្តេចបានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបញ្ជាក់ថា គោលជំហររបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺមានភាពច្បាស់លាស់ និងមិនដែលប្រែប្រួលឡើយ។ សម្ដេចបានរំលេចផងដេរថា អ្វីៗដែលយើងមាននៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំបក្សអស់រយៈពេលជាង ៤៧ ឆ្នាំមកហើយ គិតចាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ជាមួយគ្នានេះ សន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងទទួលបាន គឺជាកេរតំណែលប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាត្រូវតែរួបរួម បន្តថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរដល់មន្ត្រីបក្ស សមាជិក សមាជិកាគណបក្សគ្រប់រូបបន្តជឿជាក់លើរាជរដ្ឋាភិបាល ថែរក្សារក្សាសាមគ្គីភាព និងចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីបម្រើប្រជាជនដោយស្មោះត្រង់ ដោយអនុវត្តអភិក្រមទាំង៥ របស់សម្ដេចប្រធានបក្ស ដែលបានដាក់ចេញ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»៕



















