ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទស្សនកិច្ចសហគមន៍ឥស្លាមនៅទីក្រុង Zamboanga ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន

21-02-2026 20:53

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចសហគមន៍ឥស្លាមនៅទីក្រុង Zamboanga ប្រទេសហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ការផ្សាភ្ជាប់ប្រជាជន និងប្រជាជន។

ទស្សនកិច្ចនៅទីក្រុង Zamboanga ត្រូវបានរៀបចំ និងទទួលស្វាគមន៍ដោយលោក Sabuddin N. Abdurahim រដ្ឋមន្ត្រីគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន និងគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមទីក្រុង Zamboanga។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានទស្សនកិច្ចវិហាឥស្លាម Sadik Grand Mosque ដែលជាវិហាធំជាងគេនៅហ្វីលីពីលដែលមានកម្ពស់៤ជាន់អាចផ្ទុកអ្នកថ្វាយបង្គំបាន៦មឺននាក់។ វិហាឥស្លាម Sadik Grand Mosque ផ្តួចផ្តើមកសាងឡើងដោយលោក Sadiq ជាពាណិជ្ជកររស់នៅទីក្រុង Zamboanga។

ក្នុងជំនួបស្វាគមន៍ លោក Sadik បានលើកឡើងថា មូលហេតុដែលលោកកសាងវិហាដ៏ធំដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនទាំងស្រុង គឺដើម្បីបង្កភាពងាយស្រួលក្នុងការប្រណិបត្តិសាសនា និងលើកកម្ពស់ការអប់រំ ដោយវិហាមិនមែនមុខងារត្រឹមតែជាកន្លែងថ្វាយបង្គំនោះទេ។

លោកបន្តថា វិហានេះមិនមានរចនាបថនៃអរិយធម៌ជាក់លាក់នោះទេ ប៉ុន្តែលោកយកលំនាំនៃរចនាបថចម្រុះតាមបទពិសោធន៍ នៃការធ្វើដំណើររបស់លោកនាពេលកន្លងមក។ ពាណិជ្ជកររូបនេះ បានជួយទំនុកបម្រុងសាលារៀនចំនួន៥៣ ផ្តល់ប្រាក់ឧបត្ថម្ភទ្រទ្រង់ជីវភាពគ្រូបង្រៀន៣០០នាក់ និងចញ្ចឹមក្មេងកំព្រាងជាង១ពាន់នាក់។

ទីក្រុង Zamboanga ជាទីក្រុងធំជាងគេទី៣នៅប្រទេសហ្វីលីពីន និងមានប្រជានកាន់សាសនាឥស្លាម៥០ភាគរយនៃប្រជានសរុបជាង១លាននាក់៕