ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ
21-02-2026 21:20
(តាកែវ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកគិរីវង់ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកឱសថការី ផាន់ វ៉ាន់ ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ តំណាងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ(The Fred Hollows Foundation) និងលោកអភិបាលស្រុកគិរីវង់ ប្រជាពលរដ្ឋជាច្រើនទៀត។
លោកសាស្ត្រាចារ្យ រង លូ លីឃាង បានលើកឡើងថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែក មានសារសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចនេះការព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ និងសុក្រឹតដោយក្រុមគ្រូពេទ្យជំនាញ នឹងជួយធ្វើឱ្យភ្នែករបស់បងប្អូនមានសុខភាពល្អ។
ជាមួយគ្នានោះការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ និង Bloomberg Philanthropies និង Vision Initiative ។
ក្នុងនោះមូលនិធិ វ័ន សាញ ចែកវ៉ែនតា ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។
ចំណែកលោកឱសថការី ផាន់ វ៉ាន់ លោកអភិបាលស្រុក រួមនិងប្រជាពលរដ្ឋ បានលើកឡើងរួមគ្នាថា កម្មវិធីចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាកម្មវិធីមួយដែលប្រជាពលរដ្ឋកំពុងត្រូវការជាចាំបាច់បំផុត ។ដូច្នេះទាំងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី សកម្មភាពថ្ងៃនេះ គឺជាលើកទី២ហើយ ដោយលើកទី១ នៅស្រុកកោះអណ្តែត សង្ឃឹមថានិងមានលើកទី៣ និងទី៤បន្តទៀត។
ចំណែកតំណាងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ទាក់ទងទៅនឹងជំងឺភ្នែកនេះ សូមទៅជួបជាមួយគ្រូពេទ្យជំនាញ សូមកុំព្យាបាលភ្នែកទៅតាមប្រព័ន្ធផ្សព្វផ្សាយ តាមFacebook ឬក៏Tik Tok សុំមេត្តាកុំព្យាយាមធ្វើការព្យាបាលដោយខ្លួនឯង ឬក៏ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលមិនមានប្រភពច្បាស់លាស់ សូមអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញ ក្នុងមនី្ទរពេទ្យបង្អែកគិរីវង់ ឬមនី្ទរពេទ្យបង្អែកខេត្តតាកែវ ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន។
សូមជម្រាបថាយោងតាមរបាយការណ៍ពី លោកស្រីសាស្ត្រាចារ្យ ជំនួយ ជុកម៉ុល កុសុម៉ា នាយិការង មន្ទីរពេទ្យ ព្រះអង្គឌួង បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មកទទួលការព្យាបាល សរុប ជាង ១២០០នាក់ ក្នុងនោះ អ្នកត្រូវប្រើប្រាស់វែនតា មាន ៩២៣ នាក់ និងបញ្ជូនមកវះកាត់ ១១៩នាក់៕





























