ភ្លៀងធ្លាក់ខ្លាំងហូរនាំសំរាមទើលើឆ្នេរក្បែរសណ្ឋាគារសុខា ក្នុងក្រុងព្រះសីហនុ, មន្ត្រីមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសណ្ឋាគាររួមគ្នាសំអាត

22-02-2026 11:17

(ព្រះសីហនុ)៖ ភ្លៀងធ្លាក់មួយមេធំនៅទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានហូរនាំយកសំរាមមួយចំនួនទៅទើនៅលើឆ្នេរសមុទ្រក្បែរសណ្ឋាគារសុខាក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឆ្លើយតបបញ្ហានេះ មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសណ្ឋាគារកំពុងរួមគ្នាសំអាត និងសូមប្រជាពលរដ្ឋកុំទៅលេងកន្លែងនោះជាបណ្តោះអាសន្នសិន។

យោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ខ្លាំង មានរយៈពេលយូរ ចាប់ពីម៉ោង៤៖០០នាទីទៀបភ្លឺ រហូតដល់ព្រឹកម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បង្កឱ្យមានទឹកជំនន់ហូរ នាំយកសំរាមខ្លះចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រសួងសូមសាធារណជនលេហកម្សាន្តនៅទីតាំងផ្សេង មួយរយៈសិន ដើម្បីក្រុមការងារធ្វើការអន្តរាគមន៍ ដោះស្រាយបញ្ហាខាងលើនេះ ដើម្បីបង្កើនភាពស្អាត ទប់ស្កាត់ការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក ជាពិសេសនៅតាមតំបន់ឆ្នេរ។

ក្រសួងក៏ស្នើដល់សាធារណជនកុំមានការព្រួយបារម្ភ ចំពោះបញ្ហាសំរាមដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។ ខណៈនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងចាត់វិធានការដោះស្រាយ ប្រមូលទុកដាក់ និងសម្អាតឆ្នេរឱ្យស្អាតផងដែរ។

ជាមួយនឹងបាតុភាពនេះ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមរមណីយដ្ឋាននា បន្តចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទប់ស្កាត់សំរាម និងសំណល់ប្លាស្ទិកហូរចូលសមុទ្រ គឺជាកិច្ចការបន្ទាន់ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត មានភាពបៃតង មានសោភណភាព និងប្រជាពលរដ្ឋរស់មានសុខភាពល្អ៕