ថ្នាក់ដឹកនាំខេត្តសៀមរាប ដាក់ឱ្យដំណើរការ «អ៊ែបកក់បន្ទប់៤៨ម៉ោង» ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការបន្ទប់ស្នាក់នៅភ្លាមៗនៅខេត្តសៀមរាប
22-02-2026 15:46
(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បានដាក់ឱ្យដំណើរការថ្នាលឌីជីថលកក់បន្ទប់«48hr Hotel Booking» ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការបន្ទប់ស្នាក់នៅភ្លាមៗ ឬមុន ៤៨ម៉ោង និងដើម្បីរួមចំណែកអភិវឌ្ឍទេសចរណ៍ក្នុងខេត្តសៀមរាប។
ពិធីដាក់ឱ្យដំណើរការថ្នាលឌីជីថល 48hr Hotel Booking បានធ្វើឡើងនាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារមេម៉រ ផាលេស និងរីសត របស់សមាគមក្លឹបទេសចរណ៍សៀមរាប។ ការបង្កើតថ្នាលឌីជីថល 48hr Hotel Booking ទទួលបានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA ក្នុងគម្រោងទីក្រុងឆ្លាតវៃ ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរ និងជាផ្នែកមួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
លោក ឌី រ៉ាដូ យល់ថា តាមរយៈប្រព័ន្ធថ្នាលឌីជីថល 48hr Hotel Booking បានបង្ហាញនូវការ ប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់វិស័យឯកជន ជាពិសេសសមាគមក្លឹបទេសចរណ៍សៀមរាប ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សៀមរាបឱ្យកាន់តែទំនើប និងមានសក្កានុពល។
ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណ ដល់អង្គការ JICA ដែលបានគាំទ្រ និងសហការជាមួយសមាគមក្លឹបទេសចរណ៍សៀមរាប បង្កើតប្រព័ន្ធ 48hr Hotel Booking ដែលជាប្រព័ន្ធថ្មីសម្រាប់កក់បន្ទប់ ជំរុញទេសចរណ៍សៀមរាប។ ភាពជាដៃគូរបស់អង្គការ JICA បង្ហាញពីការអភិវឌ្ឍប្រកបដោយភាពស្ថាបនា និងត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
នៅក្នុងឆ្នាំ២០២៥កន្លងទៅ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបមានជាង ៤លាននាក់ ក្នុងនោះទេសចរបរទេសជិត ១លាននាក់។
បើតាមអភិបាលរងខេត្តសៀមរាប ការធ្លាក់ចំនួនទេសបរទេសនៅអំឡុងពេលខែសម្បូរភ្ញៀវ គឺនៅក្នុងខែធ្នូ ដោយសារមានការរំខាន និងបញ្ហាព្រំដែន ដែលបង្កឡើងដោយទាហានថៃ។ យ៉ាងណាក្តី លោកជឿជាក់ថា ស្ថានភាពនេះមិនប៉ះពាល់ធ្ងន់ធ្ងរទេ តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធ និងភាពជឿជាក់របស់ភ្ញៀវទេសចរ ពួកគេនៅតែធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប និងប្រទេសកម្ពុជា។
លោក ឌី រ៉ាដូ បានលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តចូលរួមប្រើប្រព័ន្ធនេះ ដើម្បីជាការរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តសៀមរាប។
លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានលើកឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថល 48hr Hotel Booking ដែលជាប្រព័ន្ធកក់បន្ទប់ថ្មីនេះ នឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការបន្ទប់ស្នាក់នៅភ្លាមៗ ឬមុន ៤៨ម៉ោង។
លោកបន្តថា ចំណុចពិសេសនោះ គឺប្រព័ន្ធនេះអាចប្រើប្រាស់បានសម្រាប់ទេសចរក្នុងស្រុក និងជនជាតិបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ហើយតាមរយៈប្រព័ន្ធនេះ ពួកគេនឹងទទួលបានការបញ្ចុះតម្លៃពី ៣០ទៅ៥០%។
លោក សែត កៅ បញ្ជាក់ថា ការបង្កើតថ្នាលឌីជីថលថ្មីនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដែលបានលើកឡើង និងជំរុញឱ្យខេត្តសៀមរាបបង្កើតអ្វីដែលទាក់ទាញបន្ថែម ទាំងផលិតផលសេវាកម្មទេសចរណ៍ ដើម្បីជំរុញភ្ញៀវទេសចរក្នុងស្រុក ឱ្យបន្តស្នាក់នៅ និងដកស្រង់វិស្សមកាលនៅក្នុងខេត្តមួយនេះ។ ដូច្នេះតាមរយៈឆាណែល ឬបណ្តាញអេបកក់បន្ទប់ 48hr Hotel Booking នឹងរួមចំណែកជំរុញវិស័យទេសចរណ៍ក្នុងខេត្តបានមួយកម្រិត។
លោកបញ្ជាក់ថា ភ្ញៀវទេសចរអាចកក់បន្ទប់តាមប្រព័ន្ធថ្នាលឌីជីថល 48hr Hotel Booking តាមប្រព័ន្ធធនាគារ ABA អេស៊ីលីដា និងតាមសេវាកម្ម SmartNas របស់ក្រុមហ៊ុន Smart Axiataផងដែរ៕















