កម្លាំងជំនាញនគរបាលស្រុកស្វាយទាប ចុះបង្រ្កាបក្មេងទំនើង​បង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ៥នាក់ យកមកអប់រំ និងធ្វើកិច្ចសន្យា

22-02-2026 15:49

(ស្វាយរៀង)៖ កម្លាំងនគរបាលស្រុកស្វាយទាប បានចុះបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ​៥នាក់ យកមកអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ ដែលនាំឱ្យ​ប៉ះ​ពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។

កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ៣និង ៤៥នាទី រសៀល ប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ឃុំកណ្តៀងរាយ សហការជាមួយកម្លាំងជំនាញស្រុក បានចុះកបង្រ្កាបក្មេងទំនើង​បង្ហោះ​ម៉ូតូចំនួន៥នាក់ និងម៉ូតូចំនូន២គ្រឿងយកមកអធិការដ្ឋាននគរបាល​ស្រុកស្វាយ​ទាប។

ក្មេងទំនើងទាំង៥នាក់រួមមាន៖ ទី១.ឈ្មោះ អ៊ុ រស្មីលាភ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ​កសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង, ទី២.ឈ្មោះ សំអាត សុរ៉ាឆាត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខយាមម៉ូតូ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង, ទី៣. ឈ្មោះ អាត ចំរើន ភេទប្រុស មុខរបរសិស្ស អាយុ ១៧ឆ្នាំរស់នៅភូមិបន្ទាយ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង, ទី៤. ឈ្មោះ ស៊ាន បូរ៉ានិស្ស័យ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងទី៥.ឈ្មោះ យ៉ន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយពីធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងមានលិខិតធានារបស់ឪពុកម្តាយ ម៉ូតូចំនួន២គ្រឿង ត្រូវបានលោកអធិការនគរបាលស្រុក សុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត ដើម្បីរក្សាទុករយៈ៣ខែ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕