ខ្យល់ពុល៖ កុំត្រឹមបារម្ភ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា, កុំដុតសំរាម កុំដុតព្រៃ កុំដុតជញ្ជ្រាំងស្រូវ (Video inside)

22-02-2026 16:06

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំពេលឈានដល់រដូវរំហើយ ឬរដូវប្រាំង ទាំងប្រជាពលរដ្ឋនៅ​កម្ពុជា ក៏​ដូច​ជានៅលើសកលលោក បានជជែកយ៉ាងផុលផុសពីការកើនឡើងនៃខ្យល់​ពុល​។ ការជជែកនេះ ក៏ព្រោះតែពួកគេបានដឹងថា ការកើនឡើងខ្ពស់នៃខ្យល់ពុល PM2.5 បានបង្កទុក្ខទោសច្រើនសម្រាប់សុខភាព។ ខ្យល់ពុលនេះ អាចបង្កគ្រោះថ្នាក់ដល់សួត ហើយអាចច្រៀតចូលទៅក្នុង​សរសៃ​​ឈាមផងដែរ។

សម្រាប់បរិបថកម្ពុជាលើបណ្តាញសង្គម គេសង្កេតឃើញថា ការជជែកភាគច្រើនស្ថិត​ក្នុង​រង្វង់​​នៃការព្រួយពីផលប៉ះពាល់ដល់សុខភាពបណ្តាលពីខ្យល់ពុលនោះ ប៉ុន្តែមិនសូវមាន​ការ​​ចែករំលែកពីប្រភពបញ្ហាបង្កឱ្យកើតមានខ្យល់ពុលនោះឡើយ បើទោះបីអាជ្ញាធរបាន​ចែក​រំលែកព័ត៌មានច្រើនយ៉ាងណាក្តី។

ស្ថាប័នជំនាញ បានឱ្យដឹងថា ការកើនឡើងនៃខ្យល់ពុល PM2.5 បណ្តាលមកពីប្រភព​ចម្បងៗ​​មួយ​​ចំនួនរួមមាន វិស័យដឹកជញ្ជូន, សកម្មភាពឧស្សាហកម្ម, ការដុតសំរាម និង​សំណល់​ដោយចំហរ, ការប្រើប្រាស់ថាមពលក្នុងគ្រួសារ និងកត្តាផ្សេងៗទៀត។ ដូច្នេះ​បញ្ហា​ខ្យល់ពុលនេះ សុទ្ធសឹងកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ បើមនុស្ស​យល់​ដឹង ហើយចូលរួមទប់ស្កាត់បានខ្ពស់ ក្តីបារម្ភរឿងខ្យល់ពុលក៏ថមថយចុះផងដែរ។

នៅកម្ពុជា ក្នុងចំណោមប្រភពបញ្ហាដូចបង្ហាញខាងលើនេះ គេសង្កេតថា ការដុតសំរាម ដុតព្រៃ និងជញ្ជ្រាំងស្រូវ គឺប្រភពបញ្ហាធំមួយក្នុងចំណោមប្រភពបញ្ហាធំៗដូចរៀបរាប់​ខាង​លើ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យចូល​រួមទប់ស្កាត់ប្រភពដែលនាំឱ្យកើតមានខ្យល់ពុល ឬអ័ព្ទផ្សែងនៅក្នុងប្រទេស។ ជាពិសេស​បញ្ឈប់សកម្មភាពដុតសំរាម ដុតព្រៃ និងដុតជញ្ជ្រាំងស្រូវ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន​ស្អាត​​នៅកម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយ និងបង្កើតច្បាប់ផងដែរ ដើម្បីទប់ស្កាត់សកម្មភាពបំផ្លាញបរិស្ថាន។ នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ដល់ ១០០លានរៀល។

មាត្រា ៨៥១ បានចែងថា បុគ្គលណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ។

ដើម្បីទប់ស្កាត់ការបំពុលខ្យល់នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពី​ពេលថ្មីៗនេះ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងនឹងនាំចូលឡដុត​សំរាមប្លា​ស្ទិក និងសំណល់វេជ្ជសាស្ត្រពីប្រទេសជប៉ុន ដើម្បីដុតសំរាមប្លាស្ទិក និងសំណល់វេជ្ជ​សាស្ត្រ​ឱ្យបានត្រឹមត្រូវ និងមិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។

បន្ថែមពីលើនោះ តាមរយៈក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថាន ក៏មានចែង​ពីលក្ខខណ្ឌបច្ចេកទេសនៅតាមរោងចក្រសហគ្រាស ពាក់ព័ន្ធការដុតភ្លើងយកចំហេះប្រើ​ប្រាស់​​ក្នុង​រោងចក្រជាដើមកុំឱ្យបំភាយផ្សែងខ្មៅប៉ះពាល់ដល់បរិស្ថាន៕