ពលរដ្ឋខេត្តបាត់ដំបង ទទួលកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន៦០០កញ្ចប់ ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត
22-02-2026 16:26
(បាត់ដំបង)៖ នៅព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន៦០០កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
អំណោយនេះ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន៨៨៥០កញ្ចប់ ដល់កម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តនានា។
ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២៥កន្លងទៅ បានផ្តល់ជំនួយជាផ្លែល្មើចំនួន ២៥ តោន និងគម្ពីរអាល់គួរអានចំនួន ៥ម៉ឺនក្បាល , បានបើកទូលាយ សម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតដែលបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ដដែលនេះដែរ ទេសរដ្ឋមន្ត្រី នឹងអញ្ជើញចែកអំណោយ នៅខេត្តពោធិ៍សាត់៦០០កញ្ចប់ និងកំពង់ឆ្នាំង៧០០កញ្ចប់ផងដែរ។
សូមជម្រាបជូនថា ក្នុងកញ្ចប់អាហារនីមួយៗខាងលើ មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ២៥គីឡូ ឥណ្ឌូមី១កេស ប្រេងឆា២លីត្រ ស្ករស២គីឡូ អំបិល១គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី៣ដប និងទឹកស៉ីអ៊ីវ៣ដប៕


























