ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា រួមចំណែកអភិវឌ្ឍធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

22-02-2026 17:29

(ភ្នំពេញ)៖ ក្នុងចំណោមកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនរាប់សិបកន្លែង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងចូលរួមអភិវឌ្ឍនិងពង្រីកនូវធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្កើតមូលធនមនុស្ស ឲ្យបានកាន់តែច្រើនចូលរួមអភិវឌ្ឍន៍ជាតិ តាមរយៈ ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិត នៅភ្នំពេញនិងតាមបណ្តាខេត្ត។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានរៀបចំប្រឡងជ្រើសរើសសមណនិស្សិត និងនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦ ។

លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ការប្រឡងនេះ មានបេក្ខជនបានចុះឈ្មោះមានចំនួនសរុប ៦៤៣អង្គ/នាក់ (ក្នុងនោះបព្វជិត ៨៨អង្គ) ដោយបែងចែកជា ១៤បន្ទប់ លើឯកទេស៧ រួមមាន៖ រដ្ឋបាលសាធារណៈ, នីតិឯកជន, គ្រប់គ្រងទូទៅ, វិទ្យសាស្ត្រអប់រំ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។

សាស្ត្រាចារ្យ ភៀន មករា ប្រធានដេប៉ាតេម៉ងទស្សនវិទ្យាសាសនា នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា បានឲ្យដឹងថា ការសិក្សានេះ គឺសមណនិស្សិត និងនិស្សិតទទួលបានអាហារូបករណ៍ចំនួន២ឆ្នាំ ដែលការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ដោយជួយកាត់បន្ថយលើការធ្វើដំណើរ និងការចំណាយមួយចំនួនទៀត ខណៈនិស្សិតចុះឈ្មោះប្រឡងខ្លះបម្រើការងារនៅតាមបណ្ដាខេត្ត ។

ក្នុងឱកាសបើកវិញ្ញាសារប្រឡងលោក មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ប្រៀបបាននឹងត្រីវិស័យ និងផែនទីបង្ហាញផ្លូវដ៏ស័ក្ដិសិទ្ធិសម្រាប់នាវាកម្ពុជា ហើយក្នុងមុំចម្បងនៃយុទ្ធសាស្ត្រនេះ គឺការផ្តោតសំខាន់លើ «ការអភិវឌ្ឍមូលធនមនុស្ស» ជាចំណុចអាទិភាពខ្ពស់បំផុត ។

លោកបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក «មនុស្ស»ជាស្នូលនៃអភិវឌ្ឍន៍ ។ ការពង្រឹងគុណភាពអប់រំទាំងផ្នែក «ពុទ្ធិចក្រ»និង «អាណាចក្រ» គឺជាសសរស្តម្ភដ៏រឹងមាំ និងជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការជំរុញកម្ពុជា ឱ្យសម្រេចបាចក្ខុវិស័យដ៏មហិច្ឆតា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

លោក ងួន ស្តេចភក្តី បានញ្ជាក់ថា បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលសមណនិស្សិត និស្សិត ថ្នាក បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ជំនាន់បន្តទៀត សរុប ១ ៣១៩អង្គ/នាក់ ហើយកន្លងមក បានបណ្តុះបណ្តាលសមណនិស្សិត និស្សិត ឱ្យបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ១៧ជំនាន់ សរុប ១,៨៤១ អង្គ/នាក់ ៕