លោក ជា ធីរិទ្ធ៖ យុវជនត្រូវក្ដាប់ឱ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដើម្បីលើកកម្ពស់ការជឿជាក់ និងគាំទ្រការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស
22-02-2026 17:40
(កំពង់ធំ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាយុវជនរបស់បក្សត្រូវក្ដាប់ឱ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដើម្បីលើកកម្ពស់ការជឿជាក់ និងគាំទ្រការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស។
លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយជិត ២០០នាក់ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។
លោក បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា នៅក្នុងស្រុកកំពង់ស្វាយ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការចុះជួយដល់ប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឱ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងសាមគ្គីភាពជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងរបស់យុវជនគណបក្សនៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
លោក ជា ធីរិទ្ធ ក៏បានណែនាំយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ត្រូវក្ដាប់ឱ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស សំដៅដល់ការលើកកម្ពស់ការជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានយូអង្វែងតទៅ។
លោក បន្តថាសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលប្រមាណ ៤៧ឆ្នាំកន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។ មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជនគណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត។
លោក ជា ធីរិទ្ធ បានផ្តាំផ្ញើដល់យុវជនគណបក្សទាំងអស់ឱ្យបន្តខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរួមបន្ថែមទៀតជូនគណបក្ស និងរាជរដ្ឋាភិបាលដោយហេតុផល យុវជនជាកម្លាំងចលករមិនអាចខ្វះបានក្នុងការបន្តវេនសម្រាប់ធានាដល់ការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននិងអនាគត៕













