មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអប់រំ ពិតជាមានសារៈសំខាន់ ហើយមានតែវិនិយោគ លើការអប់រំទេ ទើបធ្វើឱ្យសង្គមជាតិរីកចម្រើន
22-02-2026 19:12
(ភ្នំពេញ)៖ លោក ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយដ្ឋានអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយមានតែវិនិយោគលើការអប់រំទេ ទើបធ្វើឱ្យសង្គម ជាតិរីកចម្រើនប្រកបដោយនិរន្តភាព និងមានបរិយាបន្ន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប្រាក់ កុសល អញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់ប័ណ្ណបញ្ចប់ការសិក្សា លិខិតសរសើរសម្រាប់សិស្សឆ្នើម របស់សាលាស៊ីជីដាកម្ពុជា និងសម្ពោធសៀវភៅស៊ីជីដា ជាភាសាខ្មែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ប្រាក់ កុសល បានបន្ថែមទៀតថា ការទទួលបានអនាគតយុវជន ប្រកបដោយធនធានដែលមានសក្តានុពល គឺទាមទារឱ្យមានការបណ្តុះ តាំងពីតូចទៅ ហើយចាំបាច់ឲ្យមាន ចូលរួមយ៉ាងសកម្ម និងខ្លាំងក្លាពីមាតាបិតា អាណាព្យាបាល ហើយនេះ ក៏ជាអ្វីដែលសាលាស៊ីជីដាមាន និងកំពុងអនុវត្ត។
ជាមួយគ្នានេះ លោក ប្រាក់ កុសល សូមវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សាលាស៊ីជីដា ចំពោះកិច្ចខំប្រឹងប្រែង ក្នុងការបណ្តុះធនធានកុមារតូច ពិសេស ដែលចាប់យកមាតាបិតា ជាដៃគូក្នុងការអប់រំ ហ្វឹកហាត់ខួរក្បាល និងអត្តចរិកតាមបែបវិជ្ជមាន ព្រមទាំងធ្វើឲ្យមាតាបិតា ក្លាយទៅជាគ្រូដ៏មានទំនុកចិត្ត ក្នុងការបង្ហាត់បង្រៀន។
លោកស្រី សរ ម៉ុន្ថា នាយិកានៃមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានលើកឡើងថា ការអប់រំកូនបែបវិជ្ជមាន ផ្តើមចេញពីការផ្លាស់ប្តូរផ្គត់គំនិត របស់ឪពុកម្តាយជាមុនសិន ទើបកូនៗផ្លាស់ប្តូរជាក្រោយ។
ឆ្លងកាត់បទពិសោធន៍ អស់រយៈពេល៩ឆ្នាំមកនេះ លោកស្រី ម៉ុន្ថា បានទទួលការផ្តល់មតិវិជ្ជមានជាច្រើន ពីអាណាព្យាបាលរបស់កុមារតូច ក្នុងការចិញ្ចឹមបីបាច់កូន ដោយការទទួលយកការផ្តល់នូវសេចក្តីស្រលាញ់ និងការកោតសរសើរ។
សូមជម្រាបថា ក្នុងរយៈពេល៩ឆ្នាំមកនេះ ស៊ីជីដាកម្ពុជា បានផ្តល់ការអប់រំដល់កុមារតូចជាង ៧០០នាក់ ដែលក្នុងនោះ មានឪពុកម្តាយជាច្រើនរយនាក់ ក៏បានមកសិស្សាផ្ទាល់ជាមួយកូនៗរបស់ពួកគាត់ផងដែរ។
បន្ថែមពីនេះ កម្មវិធី SPA Program ក៏ទទួលបានសមាជិកចំនួនជាង៥០០នាក់ផងដែរ ហើយ ស៊ីជីដាក៏មានកម្មវិធីមួយទៀត គឺ សុខមាលភាពមាតានិងទារក ដែលមានចំនួនជាង១០០នាក់។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយលោកសាស្ត្រាចារ្យ Makoto Shichida ក្នុងឆ្នាំ១៩៧៨។
តាមរយៈលទ្ធផលស្រាវជ្រាវ បានបង្ហាញឱ្យដឹងថា វិធីសាស្ត្រនៃការអប់រំស៊ីជីដា «SHICHIDA Method» គឺជាកម្មវិធី សំខាន់ ដែលជាវិធីសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលខួរក្បាល ទាំងសងខាង ជាពិសេសផ្តោតទៅលើការ លើកទឹកចិត្ត និងបណ្តុះទេពកោសល្យរបស់កុមារ។
បច្ចុប្បន្នមណ្ឌលអប់រំកុមារតូច ស៊ីជីដា មានទីតាំង ចំនួន៣០០កន្លែង នៅប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក ដូចជាអាស៊ី អូស្ត្រាលី និងអឺរ៉ុបជាដើម៕























