ក្រោយរៀបការរួច! ស្វាមីភរិយាមួយគូ ដែលរៀបការតាមប្រពៃណីពីបុរាណ ទៅសុំពរជ័យកាត់ចំណងដៃ និងសុំពរផ្កាស្លារ តាមប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរ

22-02-2026 19:45

(ភ្នំពេញ)៖ ពិធីអាពាហ៍ពិពាហ៍ខ្មែរមួយ ដែលមានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការរៀបចំតាមបែបបទប្រពៃណីខ្មែរ និងដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោះ ក្រោយពីចប់ពិធីមង្គលហើយ គូស្វាមីភរិយាថ្មី បានទៅសុំពរជ័យកាត់ចំណងដៃ និងសុំពរផ្កាស្លារ តាមប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរដ៏ឧត្តុងឧត្តមរបស់បុព្វបុរសដូនតាខ្មែរ ពីសំណាក់ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ វត្តភ្នៀតសិម្ពលី បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ទន់ ឯកសូហ្វី ព្រមទាំងឧកញ៉ា សៅ សេងហាក់ និងលោកជំទាវ រស់ ដារ៉ា ដែលត្រូវជាមាតាបិតា បាននាំកូនប្រុស កូនស្រីទាំងពីរ ដែលទើបចញ្ចប់មង្គលការប្រកបដោយសិរីសួស្តីហើយថ្មីៗនេះ គឺកូនប្រុសនាម សុខ សេរីឧត្តម និងកូនស្រី នាម លី សូវុនដារីតា ថ្វាយបង្គំ ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសិម្ពលី ដើម្បីសុំឱវាទជាធម្មីកថា ពីព្រះអង្គ និងសុំពរជ័យកាត់ចំណងដៃ សុំពរផ្កាស្លារ តាមប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរដ៏ឧត្តុងឧត្តមរបស់បុព្វបុរសដូនតាខ្មែរ»។

ក្នុងឱកាសនោះដែរ ព្រះសិរីកោសល សុំ សុខា ក៏បានពន្យល់អំពី មង្គលជីវិត ដែលមានសម្តែងនៅក្នុងមង្គលសូត្រទាំង៣៨ ប្រការ និងបានពន្យល់ណែនាំដល់គូរស្វាមីភរិយាថ្មី ត្រូវរស់នៅតាមកន្លង ប្រពៃណីទំនៀមទម្លាប់របស់ដូនតាដ៏ល្អផូរផង់នៃយើង និងចេះរស់នៅជាមួយគ្នាប្រកបដោយ ដោយក្តីស្រលាញ់ក្នុងធម៌មេត្តា ករុណា សង្រ្គោះគ្នា ទៅវិញទៅមក៕