ការហ្វឹកហាត់សិស្សរបៀបរំដោះខ្លួនពីអគ្គិភ័យសំខាន់ណាស់ អាចជួយឱ្យសិស្សមានភាពក្លាហាន ស្មារតីរឹងមាំ គេចចេញពីគ្រោះអគ្គិភ័យបានដោយសុខសុវត្ថិភាព
23-02-2026 08:14
(ភ្នំពេញ)៖ ថ្មីៗនេះ មានអគ្គិភ័យឆាបឆេះកើតឡើងជាច្រើនកន្លែង ដែលបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស។ ជាក់ស្តែងអគ្គិភ័យបានឆក់យកជីវិតមនុស្សចំនួន៤រូប នៅហាងលក់នំ ម្តុំឬស្សីកែវ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផុសហ្វេសប៊ុករបស់ជនរងគ្រោះពីអគ្គិភ័យកើតឡើង នៅម្តុំស្ទឹងមានជ័យ ស្តីពីការរៀន ការរត់គេចចេញពីគ្រោះមហន្តរាយកើតឡើង។ គាត់បានលើកឡើងថា «សិស្សទាំង៥រូប ដែលត្រូវបានកម្មវិធីសិក្សាសាលាបង្រៀនរបៀបរំដោះខ្លួនពីអគ្គីភ័យជារៀងរាល់ឆ្នាំ ទើបអូនៗមានភាពក្លាហាន ស្មារតីរឹងមាំ និងចងចាំរបៀបដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀន បានយល់ច្បាស់ទើបអាចគេចចេញពីគ្រោះអគ្គិភ័យបានដោយសុខសុវត្ថិភាព និងមិនមានរបួសឡើយ»។
គាត់បានបន្ថែមថា គាត់មានការទុកចិត្តនិងជឿជាក់ថា សាលានឹងបង្រៀនកូនៗគាត់ឱ្យក្លាយជាធនធានមនុស្សដែលល្អពូកែ។
សូមបញ្ជាក់ថា ការហ្វឹកហាត់សិស្សពីរបៀបនៃការរត់គេចចេញពីគ្រោះអគ្គិភ័យ នៅសាលាមានសារៈសំខាន់ណាស់។ បន្ថែមពីការហ្វឹកហាត់ជាប្រចាំឆ្នាំ សាលាគួររៀបចំឱ្យមានប្រព័ន្ធការពារជាបឋមដូចជាធុងពន្លត់អគ្គិភ័យ ប្រព័ន្ធបន្លឺសម្លេងពេលមានអាសន្ន ស្លាកសញ្ញាបង្ហាញទិសរត់គេចេញ និងជាពិសេស ច្រកចេញចូលសាលារៀនត្រូវមានលើសពីមួយ៕
តំណរភ្ជាប់អាណាព្យាបាលសិស្ស Post: https://www.facebook.com/share/p/17LhXgXpGK/?mibextid=wwXIfr











