អគ្គព្រះរាជអាជ្ញារងតុលាការកំពូល លោក ផាន់ វណ្ណរ័ត្ន កោតសរសើរការធ្វើកំណែទម្រង់ពន្ធដាររបស់លោក គង់ វិបុល និងស្នើឱ្យស្ថាប័នផ្សេងទៀតបង្កើតឱ្យមាន «វេទិកាសន្ទនា» រវាងរដ្ឋ និងឯកជន ដូចអគ្គនាយកដ្ឋានពន្ធដារដែរ !

23-02-2026 09:21

(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា នៅចុងសប្តាហ៍កន្លងទៅនេះ បានសរសេរអត្ថបទពិសេសថ្មីមួយទៀត ស្តីពី «កំណែទម្រង់ពន្ធដារ និងវប្បធម៌សន្ទនារវាងរដ្ឋ និងឯកជន៖ គំរូនៃតុល្យភាពច្បាប់ និងការអភិវឌ្ឍ»។

ក្នុងអត្ថបទនោះលោកអគ្គព្រះរាជអាជ្ញារង ផាន់ វណ្ណរ័ត្ន បានកោតសរសើរការធ្វើកំណែទម្រង់ពន្ធដាររបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងកោតសរសើរចំពោះការរៀបចំបង្កើតឱ្យមាន «វេទិកាពន្ធដារកម្ពុជា» ជារៀងរាល់ឆ្នាំ ដែលជា «វេទិកាសន្ទនា»» រវាងរដ្ឋ និងឯកជន។ លោកស្នើឱ្យស្ថាប័នផ្សេងៗទៀត បង្កើតឱ្យមាន «វេទិកាសន្ទនា»នេះផងដែរ។

ខាងក្រោមនេះជាអត្ថបទរបស់លោក ផាន់ វណ្ណរ័ត្ន៖

អត្ថបទពិសេសចុងសប្តាហ៏! កំណែទម្រង់ពន្ធដារ និងវប្បធម៌សន្ទនារវាងរដ្ឋ និងឯកជន៖ គំរូនៃតុល្យភាពច្បាប់ និងការអភិវឌ្ឍ

ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ម្នាក់ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ២ថ្ងៃពេញ នៃ «វេទិកាពន្ធដារកម្ពុជា ២០២៦» កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ កន្លងទៅ។ ខ្ញុំពិតជាមានការកោតសរសើរយ៉ាងខ្លាំង ចំពោះទស្សនវិស័យ និងការដឹកនាំកំណែទម្រង់ពន្ធដារដ៏ទំនើប និងបុរេសកម្មរបស់ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ស្មារតីបុរេសកម្ម៖ ការជួយសង្គ្រោះដោយមិនរង់ចាំការស្នើសុំចំណុចដែលគួរឱ្យស្ងើចសរសើរបំផុតនោះគឺ ស្ថាប័នពន្ធដារបានបង្ហាញពីភាពម្ចាស់ការខ្ពស់ ក្នុងការពិនិត្យ និងផ្តល់ការលើកលែង (លាងបាប) ដល់ម្ចាស់អាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាច្រើនលើកច្រើនសាររួចមកហើយ។ សកម្មភាពមនុស្សធម៌ និងការយោគយល់ទាំងនេះ បានកើតឡើងដោយផ្អែកលើការសង្កេតជាក់ស្តែងពីទុក្ខលំបាករបស់អាជីវករ សូម្បីតែមុនពេលមានការស្នើសុំជាផ្លូវការ ពីសភាពាណិជ្ជកម្ម ឬវិស័យឯកជនទៅទៀត។

ជាក់ស្តែង ដូចជាករណីភរិយារបស់ខ្ញុំ ដែលជាម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាននៅខេត្តសៀមរាប ខ្ញុំបានឃើញច្បាស់ពីការជ្រោមជ្រែងដ៏កក់ក្តៅរបស់រដ្ឋបាលពន្ធដារ ដែលបានជួយសម្រួលបន្ទុកក្នុងគ្រាដ៏លំបាកបំផុត តាំងពីសម័យកូវីដ-១៩ រហូតអាចបន្តដំណើរការអាជីវកម្ម និងមានលទ្ធភាពបង់ប្រាក់ខែបុគ្គលិក បន្តទៅមុខទៀតបាន។ នេះសបញ្ជាក់ថា រដ្ឋមិនត្រឹមតែមិនធ្វើបាបពលរដ្ឋនោះទេ តែថែមទាំងជួយជ្រោមជ្រែងដោយស្មោះត្រង់ទៀតផង។

សារលើកទឹកចិត្តដល់វិស័យឯកជន៖
* ចំពោះអាជីវកម្មដែលជួបការលំបាក៖ សូមបន្តមានទំនុកចិត្តលើរដ្ឋាភិបាល។ ប្រសិនបើបងប្អូនជួបបញ្ហាពិតប្រាកដ ច្បាប់ និងស្ថាប័នពន្ធដារតែងមានដំណោះស្រាយ និងការយោគយល់ជានិច្ច។

* ចំពោះអាជីវកម្មដែលដំណើរការល្អ៖ ក្នុងនាមជាអ្នកច្បាប់ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនបន្តចូលរួមបំពេញកាតព្វកិច្ចពន្ធដារឱ្យបានត្រឹមត្រូវ និងតាមកំណត់។ ការបង់ពន្ធដោយសុចរិតភាព គឺជាការរួមចំណែកកសាងជាតិ និងជាការធានានូវភាពស្របច្បាប់នៃអាជីវកម្មរបស់បងប្អូនក្នុងការប្រកួតប្រជែងដោយស្មើភាព។

សំណូមពរ និងសំណួរពិភាក្សា៖
ឆ្លងតាមជោគជ័យនៃវេទិកាពន្ធដារនេះ ខ្ញុំយល់ថាវាជាគំរូដ៏ល្អមួយដែលគួរត្រូវបានពង្រីកទៅកាន់ស្ថាប័នសំខាន់ៗដទៃទៀត ដើម្បីកសាងជំនឿចិត្តដល់វិនិយោគិន។ ដូច្នេះ ខ្ញុំចង់សួរយោបល់បងប្អូនទាំងអស់គ្នាថា៖

តើបងប្អូនគាំទ្រឱ្យមានការបង្កើត «វេទិកាសន្ទនា»» រវាងរដ្ឋ និងឯកជន ជាមួយស្ថាប័នផ្សេងៗទៀតដែរឬទេ? ជាពិសេសដូចជា៖
១. វេទិកាច្បាប់ និងតុលាការ (Legal & Judicial Forum)៖ ជួបជាមួយនគរបាលយុត្តិធម៌ និងតុលាការ ដើម្បីពង្រឹងយុត្តិធម៌ និងតម្លាភាព។
២. វេទិកាទេសចរណ៍ (Tourism Forum)៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរ។
៣. វេទិកាគយ (Customs Forum)៖ ដើម្បីសម្រួលនីតិវិធីនាំចេញ-ចូលទំនិញឱ្យកាន់តែរលូន។
៤. វេទិកាសេដ្ឋកិច្ច (Economic Forum)៖ ដើម្បីពិភាក្សាលើកាលានុវត្តភាពវិនិយោគថ្មីៗ។
តើបងប្អូនយល់ឃើញយ៉ាងណាដែរ? តើការមានវេទិកាបែបនេះនឹងជួយឱ្យអាជីវកម្មរបស់បងប្អូនកាន់តែមានភាពកក់ក្តៅដែរឬទេ? សូមចូលរួម Comment បញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នា!