អាមេរិក ប្រកាសចូលវិភាគទាន១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព, ប្រទេសសមាជិកដទៃ សន្យាផ្តល់ឱ្យជាង ៧ពាន់លាន សម្រាប់ការកសាងឡើងវិញ និងជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា (Video inside)
23-02-2026 10:31
(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានប្រកាសចូលវិភាគទានចំនួន១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព ខណៈដែល ប្រទេសសមាជិកដទៃទៀត បានសន្យាថា នឹងចូលរួមវិភាគទានជាង ៧ពាន់លានទៀត សម្រាប់ការកសាងឡើងវិញ និងជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព។
ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព បានធ្វើឡើងនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកប្រធានាធិបតី ដូណាល ត្រាំ ដែលជាការចាប់ផ្តើមជាផ្លូវការនូវអាណត្តិរបស់ក្រុមប្រឹក្សានេះ ក្នុងការស្តារសន្តិភាព និងកៀរគរការកសាងឡើងវិញគ្រប់ជ្រុងជ្រោយនៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាបានអនុម័តសេចក្តីសម្រេចចិត្តលេខ ២០២៦/០២ (BOP/RES/2026/2) ដែលបង្កើត ក្របខណ្ឌហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការការងារ។ ក្រុមប្រឹក្សាសន្តិភាព បានសម្រេចថា សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាព នឹងត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្តរបស់ប្រទេសសមាជិក ប្រទេសដទៃទៀត អង្គការ និងប្រភពបន្ថែមផ្សេងទៀត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការចូលរួមវិភាគទានរបស់ សហរដ្ឋអាម៉េរិកចំនួន ១០ប៊ីលានដុល្លារអាម៉េរិកសម្រាប់ក្រុមប្រឹក្សានេះ។ ប្រទេសសមាជិកដទៃទៀត បានសន្យាចូលរួមវិភាគទានជាង ៧ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការកសាងឡើងវិញ និងជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។ ប្រទេសសមាជិកមួយចំនួនទៀតបានប្តេជ្ញាបញ្ជូនកម្លាំងយោធាចូលរួម ក្នុងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (International Stabilization Force -ISF) នៅតំបន់ហ្គាហ្សា។
សូមជម្រាបថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា លោក ត្រាំ បញ្ជាក់ថា នេះជាគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយក្នុងការបង្កើតសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា និងឈានដល់ការដោះស្រាយជម្លោះជាសកល។
ក្រុមប្រឹក្សានេះ មានទ្រង់ទ្រាយដូចអង្គការសហប្រជាជាតិ។ យោងតាម «ធម្មនុញ្ញ» របស់ក្រុមប្រឹក្សាសន្តិភាព លោក ត្រាំ ត្រូវធ្វើជាប្រធាន ហើយសមាជិកអចិន្ត្រៃយ៍ ត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ៕











