សំរាមត្រូវបានសំអាត ឆ្នេរប្រែមកធម្មតាវិញហើយ

23-02-2026 12:34

(ព្រះសីហនុ)៖ សំរាមដែលអណ្តែតទើលើឆ្នេរសមុទ្រក្បែរសណ្ឋាគារសុខាក្នុង​ក្រុង​ព្រះសីហនុក្រោយមានភ្លៀងធ្លាក់មួយមេធំកាលពីម្សិលមិញនោះ ត្រូវបានសំអាតចេញ​អស់ហើយ។ ឆ្នេរក៏ប្រែមកស្រស់ស្អាតដូចធម្មតាវិញផងដែរ។

នៅទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ មានភ្លៀងមួយមេធំបានធ្លាក់នៅក្នុងក្រុងព្រះ​សីហនុ ដោយបានហូរនាំសំរាមទើលើឆ្នេរសមុទ្រមួយចំនួនក្នុងក្រុងព្រះសីហនុ។ ក្រោយបាតុភាពនោះ មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងបុគ្គ​លិក​សណ្ឋាគារក៏នាំគ្នាប្រមូល និងសំអាតសំរាមទាំងនោះ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឆ្នេរសមុទ្រ​បាន​ត្រឡប់មកមានភាពស្រស់ស្អាតឡើងវិញហើយ។ ក្រសួងបរិស្ថាន ថ្លែងអំណរគុណមន្ត្រីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ក៏ដូចជាបុគ្គលិកសណ្ឋាគារ ដែលបានរួមគ្នាប្រមូល និងសំអាតសំរាម ដែលអណ្តែតទើលើឆ្នេរ។

ជាមួយគ្នាក្រសួង ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាហារដ្ឋាន សណ្ឋាគារនានា រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ទុកដាក់ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោល​សំរាមតាម​ទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ ឱ្យបាន​ស្អាត ដើម្បីក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពនោះ មាន​ភាពស្អាតជារៀងរហូត និងនៅតែជាទីទាក់ទាញអ្នកទេសចរ៕