អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ កសិករប្រសិនបើចេះពិតប្រាកដហើយផលិតប្រហុក ផ្អក លក់ក៏អាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

23-02-2026 12:37

(ព្រះសីហនុ)៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថា កសិករប្រសិនបើចេះពិតប្រាកដហើយផលិតប្រហុក ផ្អក លក់ក៏អាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យផងដែរ។

ការអំពាវនាវបែបនេះ របស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកកាសែតកម្ពុជា នៅក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ក្រុមហ៊ុន វិនិយោគទុនដំណាំដូងប្រេង និងតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង (កែវផុស) ដែលស្ថិតនៅខេត្ដព្រះសីហនុ។

នាឱកាសនោះដែរ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថា ការធ្វើប្រហុក ផ្អក បានចាប់ផ្ដើមតាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយការធ្វើប្រហុក ផ្អកទុកសម្រាប់ផ្គត់ផ្គង់បុគ្គលិក ក្រៅពីនោះក៏មានទុកសម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅស្រុកមួយចំនួនផងដែរ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា៖ «ប្រហុក ផ្អកនេះ មិនមែនជាអាជីវកម្មរបស់ខ្ញុំ និងប្រពន្ធខ្ញុំទេ តែយើងមានការនាំចេញជាលក្ខណៈតូចតាចដែរ សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ ជាពិសេសទៅអូស្រ្តាលី និងអាម៉េរិក។ យើងគ្រាន់តែធ្វើឱ្យមាននៅក្នុងឃ្លាំង ដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញ និងរក្សាកេរតំណែលពីដូនតាកុំបោះបង់ ហើយផលិតប្រហុកនៅទីនេះ ប្រហែលជា១០០តោន និងទឹកត្រីប្រមាណ ១សែនលីត្រ»។

បន្ថែមពីនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ដថា អ្នកដែលមិនចេះបច្ចេកទេសពិតប្រាកដ តែងតែមានរុយបែង និងដង្ហូវ ពីព្រោះគាត់មិនចេះយកទឹកព្រៃចេញ គឺមិនមានរុយបែង ឬដង្កូវ ហើយការធ្វើប្រហុកមិនមានការដាក់គីមី។ អ្នកឧកញ៉ាបានបន្ថែមថា កសិករប្រសិនបើចេះពិតប្រាកដហើយផលិតប្រហុក ផ្អក លក់ក៏គាត់អាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានផងដែរ៕