រដ្ឋមន្ដ្រី ថោ ជេដ្ឋា ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យធនធានទឹកនៅកម្ពុជា
23-02-2026 12:56
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ដ្រី បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីបេសកកម្ម និងគោលនយោបាយអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ ដើម្បីធានាសន្តិសុខទឹកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ វិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងការងារព្យាករណ៍ឧតុនិយមឱ្យកាន់តែមានសុក្រឹតភាពខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏បានស្នើសុំឱ្យភាគីតួកគី ពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យធនធានទឹក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសទំនើបៗក្នុងការគ្រប់គ្រងទឹកឆ្លងដែន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធធារាសាស្ត្រ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជា៕














