រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ទទួលប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកបណ្ឌិត ម៉ុង ឫទ្ធី

23-02-2026 13:58

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចជំនួបនេះដែរ ដោយមានការចូលរួមពី
អនុប្រធាន សមាជិក សមាជិកា នៃគណកម្មការទី៣ នៃព្រឹទ្ធសភា រដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់គណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីបេសកកម្មរបស់ក្រសួង ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទ តាមរយៈការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ និងបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ក្នុងនោះរួមមាន៖ ទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២៖ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣៖ ការអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤៖ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទី៥៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រ។

តាមរយៈការអនុវត្តកម្មវិធីអាទិភាពដែលបានជម្រាបជូនខាងលើ បានធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ដោយក្រសួងបានរៀបចំផែនការ និងទិសដៅយ៉ាងមុតស្រួចបន្ថែមទៀត ដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យទទួលបានចីរភាពផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានប្រតិភូ ព្រមទាំងប្រតិភូអមដំណើរ បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានោះ លោកបណ្ឌិតប្រធានប្រតិភូ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕

សូមជម្រាបដែរថា កិច្ចជំនួបនាពេលនេះ មានគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៥ និងទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ ២០២៦៕