Fresh Exclusive: កំហឹងមិនមែនជាយុទ្ធសាស្ត្រ៖ កម្ពុជា ប្រទេសតូចត្រូវយកឈ្នះដោយច្បាប់ មិនមែនដោយគ្រាប់កាំភ្លើង
23-02-2026 15:05
(ភ្នំពេញ)៖ នៅពេលដែលទាហានថៃ បានបំពានបទឈប់បាញ់ ដោយបង្ករបួសស្នាមដាក់មកលើទាហានលើដីគោក និងចាប់ពលរដ្ឋខ្មែរក្នុងដែនទឹក អារម្មណនៃការផ្ទុះកំហឹង ពិតជាមិនអាចទប់បានមែន ប៉ុន្តែកំហឹងមិនមែនជាយុទ្ធសាស្ត្រទេ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ...
នៅពេលគ្រាប់កាំភ្លើង ផ្ទុះឡើងនៅតំបន់អានសេះ ខេត្តព្រះវិហារ បង្ករបួសដល់ទាហានខ្មែរ និងនៅពេលទូកនេសាទខ្មែរ ត្រូវបានចាប់ជាមួយនឹងពលរដ្ឋនេសាទនៅដែនសមុទ្រខេត្តកោះកុង អារម្មណ៍ដែលកើតឡើងក្នុងចិត្តប្រជាជាតិ មិនមែនជាការស្ងប់ស្ងាត់ទេវាគឺជា «កំហឹង»។ កំហឹងចំពោះអំពើរំលោភអធិបតេយ្យភាព កំហឹងចំពោះភាពអយុត្តិធម៌ និងកំហឹងចំពោះការមិនអាចឆ្លើយតបភ្លាមៗដោយអាវុធ។ ប៉ុន្តែសំណួរដែលគួរត្រូវសួរមិនមែនថា «ហេតុអ្វីបានជាមិនបាញ់តប?» នោះទេ។
សំណួរពិតគឺ៖ តើកំហឹងអាចជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសតូចមួយដែរឬទេ?
ខណៈពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញពិភពលោកអំពីស្ថានការណ៍ពិតនៅតាមព្រំដែន និងអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ទង្វើដ៏គគ្លើនដោយការបាញ់គ្រាប់កាំភ្លើងនៅលើដីគោក និងការចាប់ពលរដ្ឋខ្មែរ នៅក្នុងដែនសមុទ្រកម្ពុជាដោយទាហានថៃ បានបង្កភាពតានតឹង និងបំពានបទឈប់បាញ់។ ទោះជាយ៉ាងណា ការមិនបាញ់តបរបស់កម្ពុជា មិនអាចបកស្រាយជាភាពទន់ខ្សោយបានឡើយ ប្រសិនបើយើងយល់ថា ប្រទេសតូចមិនអាចឈ្នះដោយការប្រកួតកម្លាំងយោធានោះទេ ប៉ុន្តែអាចឈ្នះដោយការកសាងភាពស្របច្បាប់ និងការប្រើប្រាស់វេទិកាអន្តរជាតិ។
* ភាពតានតឹងនៅលើដី និងសមុទ្រកម្ពុជា
នៅថ្ងៃទី២០ ខែកុម្ភៈ ក្រុមទាហាន Snipers ថៃ ដែលឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហាររបស់កម្ពុជា បានបាញ់គ្រាប់កាំភ្លើងដាក់មកលើទាហានកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់រងរបួស។ បន្តមកទៀត នៅថ្ងៃទី២២ ខែកុម្ភៈ កងទ័ពជើងទឹកថៃ បានបើកនាវាចូលជ្រៅក្នុងដែនទឹកខេត្តកោះកុង និងបានចាប់ខ្លួនពលរដ្ឋកម្ពុជា ៣ នាក់ ព្រមទាំងរឹបអូសនាវានេសាទរបស់ពួកគេ នៅចម្ងាយប្រមាណ ៧.២ ម៉ាយល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះទង្វើទាំងនេះ និងទាមទារឱ្យមានការដោះលែងពលរដ្ឋខ្មែរ ព្រមទាំងឲ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទោះជាយ៉ាងណា ភាគីថៃមិនបានឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការតវ៉ានោះឡើយ ដែលបង្កើនការព្រួយបារម្ភអំពីការគោរពកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិដែលមានស្រាប់។ ទង្វើបំពានទាំងនេះ បានកើតឡើងនៅពេលកម្ពុជា កំពុងរក្សាភាពអត់ធ្មត់ និងជ្រើសរើសផ្លូវច្បាប់ និងកំពុងសាកល្បងលើភាពអត់ធ្មត់ចំពោះប្រទេសតូចដូចជាកម្ពុជាដែល «ត្រូវគិតមុននឹងគូរ» ដើម្បីការពារវាសនាអនាគតជាតិ។
១. ភាពមិនតុល្យភាពកម្លាំងយោធា៖ ការឆ្លើយតបដោយអាវុធក្នុងបរិបទដែលមានអតុល្យភាពកម្លាំង អាចបង្កឱ្យជម្លោះកាន់តែពង្រីក និងបង្កគ្រោះថ្នាក់ធំជាងដើមទៅលើប្រជាជាតិទាំងមូល។
២. សម្ពាធផ្លូវអារម្មណ៍ក្នុងសង្គម៖ ពេលឃើញទាហានរងរបួស និងពលរដ្ឋត្រូវចាប់ខ្លួន អារម្មណ៍កំហឹងគឺជារឿងធម្មតា។ ប៉ុន្តែប្រទេសមួយ មិនអាចដឹកនាំដោយអារម្មណ៍បានឡើយ។ កំហឹងដែលមិនគិតអំពីបរិបទយុទ្ធសាស្ត្រ អាចនាំឱ្យមានការសម្រេចចិត្តដែលបំផ្លាញប្រយោជន៍ជាតិរយៈពេលវែង។
៣. ការប្រឈមរវាង «ការប្រើកម្លាំង» និង «ភាពស្របច្បាប់»៖ អំពើបាញ់ប្រហារ និងការចាប់ពលរដ្ឋ មិនមែនជាការប្រឈមត្រឹមសន្តិសុខតំបន់ទេ ប៉ុន្តែជាការប្រកួតគ្នារវាងវិធីសាស្ត្រពីរផ្សេងគ្នា វិធីសាស្ត្រដែលផ្អែកលើកម្លាំង និងវិធីសាស្ត្រដែលផ្អែកលើច្បាប់។
ការមិនបាញ់តបរបស់កម្ពុជា មិនមែនមានន័យថាកងកម្លាំងការពារជាតិបានភ្លេចកាតព្វកិច្ចរបស់ខ្លួនឡើយ ហើយក៏មិនមែនមានន័យថាកម្ពុជាគ្មានកំហឹងនៅពេលឃើញពលរដ្ឋរបស់ខ្លួនរងទុក្ខទេ។ ផ្ទុយទៅវិញវាជាការគ្រប់គ្រងជម្លោះ ដោយគិតគូរពីអតុល្យភាពកម្លាំង និងផលប៉ះពាល់យូរអង្វែង។ ប្រសិនបើកម្ពុជា ជ្រើសរើសប្រើកម្លាំងតបតភ្លាមៗ នោះវាអាចផ្តល់លេសឱ្យភាគីម្ខាងទៀតពង្រីកជម្លោះ និងបំផ្លាញកិច្ចប្រឹងប្រែងដែលកំពុងធ្វើតាមផ្លូវច្បាប់និងការទូត។ ផ្ទុយទៅវិញ ការបន្តប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការការទូត ជាវិធីសាស្ត្រដែលអាចបង្កើនសម្ពាធលើភាគីដែលប្រើកម្លាំង ដោយរក្សាបានភាពស្របច្បាប់ និងការគាំទ្រពីសហគមន៍អន្តរជាតិ។
ដូច្នេះការប្រឈមរវាង «កម្លាំង» និង «ភាពស្របច្បាប់» មិនមែនជាជម្រើសសាមញ្ញទេ ប៉ុន្តែជាការសម្រេចចិត្តយុទ្ធសាស្ត្រ ដែលអាចកំណត់ទិសដៅអនាគតសន្តិភាព និងសុវត្ថិភាពរបស់ប្រទេសទាំងមូល។
* គិតប្រទេសជាតិជាធំ «ច្បាប់អន្តរជាតិជាអាវុធ»
ប្រទេសតូចមួយ មិនអាចឈ្នះប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាង អាវុធទំនើបជាង ប្រជាជនច្រើនជាង និងមានឥទ្ធិពលនយោបាយការទូតទូលំទូលាយជាង ដោយការឆ្លើយតបផ្អែកលើកំហឹងមួយភ្លែត ដែលមិនបានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយឡើយ។ កំហឹងអាចជាកម្លាំងផ្លូវអារម្មណ៍ ប៉ុន្តែមិនមែនជាគោលនយោបាយសន្តិសុខជាតិទេ។ ប៉ុន្តែប្រទេសតូច អាចឈ្នះលើប្រទេសធំដែលបំពានមកលើខ្លួនបាន ប្រសិនបើវាជ្រើសរើសប្រើ «អាវុធ» ដែលសមស្របនឹងបរិបទរបស់ខ្លួននោះគឺ ច្បាប់អន្តរជាតិ និងយន្តការការទូត។
ក្នុងប្រព័ន្ធអន្តរជាតិ សមត្ថភាព មិនត្រូវបានវាស់តាមចំនួនគ្រាប់កាំភ្លើងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាស់តាមភាពស្របច្បាប់ និងការគាំទ្រពីសហគមន៍អន្តរជាតិផងដែរ។ ដូច្នេះប្រទេសតូចអាចប្រើប្រាស់៖
- វេទិកាច្បាប់ដូចជាតុលាការយុត្តិធម៌អន្តរជាតិ International Court of Justice ដើម្បីដាក់សំណុំរឿង និងបង្កើតកំណត់ត្រាផ្លូវច្បាប់ដែលមានអានុភាពយូរអង្វែង។
- យន្តការក្នុងអង្គការសហប្រជាជាតិ United Nations ដើម្បីអំពាវនាវឱ្យមានការគោរពច្បាប់ និងសន្តិភាព។
- ការចូលរួមវេទិកាអន្តរជាតិដូចជាក្រុមប្រឹក្សាសន្តិភាព Board of Peace ដើម្បីបង្ហាញគោលជំហរសន្តិភាព និងទប់ស្កាត់ការបង្កើតរឿងរ៉ាវខុស។
- ការបង្កើត និងពង្រឹងបណ្តាញការទូតជាមួយមេដឹកនាំពិភពលោកនានា ដូចដែលបានបង្ហាញក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានចូលរួមសម្ពោធក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក។
យុទ្ធសាស្ត្រនេះ មិនផ្ទុះសម្លេងខ្លាំងដូចគ្រាប់កាំភ្លើងទេ មិនបង្កអារម្មណ៍ភ្លាមៗដូចការបាញ់តបទេ ប៉ុន្តែវាបង្កើត «កំណត់ត្រាផ្លូវច្បាប់» និង «សម្ពាធអន្តរជាតិ» ដែលមានអត្ថន័យយូរអង្វែង និងអាចកំណត់ទិសដៅប្រវត្តិសាស្ត្រ។ ប្រទេសដែលប្រើកម្លាំងអាចឈ្នះសមរភូមិមួយពេលខ្លី។ ប៉ុន្តែប្រទេសដែលឈរលើច្បាប់ អាចឈ្នះវេទិកាប្រវត្តិសាស្ត្រ។ សម្រាប់ប្រទេសតូចដូចកម្ពុជា ការគិតប្រទេសជាតិជាធំ មានន័យថា ត្រូវសម្រេចចិត្តដោយគិតពីអនាគតជាតិ មិនមែនគិតតែពីអារម្មណ៍ក្នុងពេលបច្ចុប្បន្នឡើយ។
សេចក្តីសន្និដ្ឋាន៖ នៅពេលមានទាហានរបួស និងប្រជាពលរដ្ឋត្រូវចាប់ខ្លួន កំហឹង គឺជាអារម្មណ៍ស្របចិត្តមនុស្ស។ ប៉ុន្តែប្រទេសមួយមិនអាចដឹកនាំដោយអារម្មណ៍បានឡើយ។ យើងត្រូវចងចាំថា កំហឹងអាចបង្កើតសង្គ្រាមធ្ងន់ធ្ងរ។ ប៉ុន្តែយុទ្ធសាស្ត្រ អាចការពារអនាគតរបស់យើងបានស្ថិតស្ថិរ។ សម្រាប់ប្រទេសតូចមួយដូច Cambodia កម្លាំងពិតប្រាកដមិនស្ថិតនៅក្នុងគ្រាប់កាំភ្លើងទេ ប៉ុន្តែស្ថិតនៅក្នុងភាពស្របច្បាប់ សាមគ្គីភាពជាតិ និងការប្រើប្រាស់ច្បាប់អន្តរជាតិជាអាវុធ។ ប្រសិនបើយើងបាញ់តបដោយកំហឹង យើងអាចបាត់បង់អនាគត។ ប្រសិនបើយើងឈរលើច្បាប់ យើងអាចឈ្នះដោយសេចក្តីសុចរិត។ នោះហើយជាយុទ្ធសាស្ត្រដែលធ្វើឱ្យប្រទេសតូច មិនត្រឹមតែរស់រានមានជីវិត ប៉ុន្តែអាចឈរជើងដោយកិត្តិយសលើវេទិកាពិភពលោក៕
















