បុរសម្នាក់សុរាចូលខ្លួន ទាញកាំបិតផ្គាក់ដេញកាប់ម្តាយ​ខ្លួនឯង ​ត្រូវកម្លាំងកងរាជអាធហត្ថខេត្តកំពង់ស្ពឺ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ

23-02-2026 15:10

(កំពង់ស្ពឺ)៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦​​​​ បាន​ធ្វើការ​ចុះ​អន្តរាគមន៍​បង្ក្រាប ​និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីហិង្សាក្នុងគ្រួសារ និងគំរាមកំហែងថានឹងសម្លាប់ម្តាយរបស់ខ្លួន ស្ថិតនៅក្នុងភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង។

ការជួយអន្តរាគមន៍ភ្លាមៗនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីស្រ្តីជាម្តាយឈ្មោះ សន ព្រឹម អាយុ៦៥ឆ្នាំ។

តាមការរៀបរាប់របស់ជនរងគ្រោះ ដែលត្រូវជាម្តាយបង្កើត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផុន ទីន​​ ត្រូវជាកូន បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ដេញកាប់គាត់ ប៉ុន្តែគាត់រត់គេចទាន់ពេល តែបានបន្តទៅកាប់បំផ្លាញខ្សែភ្លើង នៅក្នុងផ្ទះចោល។ គាត់បានបន្តរៀបរាប់ទៀតថា ឲ្យតែនៅពេលស្រវឹងស្រាតែងតែកាន់កាំបិតផ្គាក់គំរាមកំហែង និងជេរប្រមាថគាត់ជាញឹកញាប់នាពេលកន្លងមក។

ជាក់ស្តែង​នៅពេលកម្លាំងកងរាជអាវុធហត្ថចុះដល់ទីតាំងកន្លែងកើតហេតុ ឃើញថា ជនសង្ស័យមានភាពកោងកាច ដៃកាន់កាំបិតផ្គាក់ស្រែកគំរាមកំហែង និងជេរប្រមាថទៅលើ​សមត្ថកិច្ច​ថែមទៀត​​​ មើលទៅពិតជាក្លាហាន ខ្លាំងណាស់។

ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថ​ ជនសង្ស័យ​ត្រូវ​បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​នៅនឹងកន្លែងកើតហេតុភ្លាមៗ និងចាប់យកវត្ថុតាងបានគឺកាំបិតផ្គាក់ចំនួន១ដើម​ ដែលជនសង្ស័យបានយកធ្វើសកម្មភាព។ ជនសង្ស័យ​មានឈ្មោះ ផុន ទីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕