ប្រកាសចូលកាន់មុខតំណែងជូនលោក លឹម ប៊ុនលី ជាប្រធានមន្ទីររ៉ែ និងថាមពលថ្មីខេត្តបាត់ដំបង

23-02-2026 15:19

(បាត់ដំបង)៖ លោក អ៊ិត ប្រាំង រដ្ឋលេខាធិការតំណាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងជូនលោក លឹម ប៊ុនលី ជាប្រធានមន្ទីររ៉ែ និងថាមពលថ្មីខេត្តបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបាន បំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលល្អប្រសើរ ដើម្បីគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត។

លោកបានគូសរំលេចទៀតថា មន្ទីរ៉រែ និងថាមពល បានសហការទប់ស្កាត់រាល់សកម្មភាពកាយភ្នំយករ៉ែខុសច្បាប់ គ្រប់គ្រងស្ថានីយប្រេង ហ្គាស និងថាមពលផ្សេងៗមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយនិងយុទ្ធសាស្ត្រថ្មី របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

សម្រាប់ប្រធានមន្ទីររ៉ែ និងថាមពល ដែលទើបទទួលការតែងតាំង, លោកអភិបាលខេត្ត បានណែនាំក្តាប់នូវគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យរ៉ែ និងថាមពល។ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ បំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំចំពោះមន្ត្រីក្រោមឱវាទ ត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។

លោក អ៊ិត ប្រាំង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពល ត្រូវខិតខំលុបបំបាត់អាជីវកម្មរ៉ែ អនាធិបតេយ្យ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លោកក៏បានស្នើរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ជួយសហការសម្របសម្រួលជាមួយមន្ទីររ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនបន្តទៀតផងដែរ៕