ថ្នាក់ដឹកនាំខេត្តសៀមរាប អគារមហោស្រពសិប្បករអង្គរ នឹងក្លាយជាកន្លែងដែលភ្ញៀវទេសចរអាចស្វែងយល់ពីសិល្បៈខ្មែរ និងប្រពៃណី តាមរយៈបច្ចេកវិទ្យាទំនើប
23-02-2026 15:22
(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា អគារមហោស្រពសិប្បករអង្គរ នឹងក្លាយជាកន្លែងដែលភ្ញៀវទេសចរអាចស្វែងយល់ពីសិល្បៈខ្មែរ និងប្រពៃណី តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា៖ ការបង្ហាញពន្លឺ សំឡេង និងបទពិសោធន៍អន្តរកម្ម (Immersive Experience) ដែលនឹងធ្វើឱ្យវប្បធម៌ខ្មែរកាន់តែរស់រវើក និងទាក់ទាញដល់យុវជនជំនាន់ក្រោយ។
ថ្លែងយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្បរា, លោក កែ ប៊ិនសូរស្មី នាយកប្រតិបត្តិ Immersive Angkor, លោក កាយ ទ្បូត ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក Artisans Angkor ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកបន្តថា ពិធីបើកការដ្ឋាននេះ មិនមែនគ្រាន់តែជាការចាប់ផ្តើមគម្រោងសាងសង់ធម្មតានោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មីមួយ សម្រាប់វិស័យទេសចរណ៍ និងវប្បធម៌នៃខេត្តសៀមរាប។ Artisans Angkor និង Immersive Angkor បានរួមគ្នាបង្កើតគម្រោងនេះឡើង ដោយផ្តោតលើការផ្តល់បទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ។
លោកបានបន្តថា គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ និងប្រយោល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងក្នុងដំណាក់កាលសាងសង់ និងដំណាក់កាលប្រតិបត្តិការ រួមមាន៖ បង្កើតការងារដល់កម្មករ ជាងសំណង់ ស្ថាបត្យករ និងវិស្វករក្នុងស្រុក។ បង្កើតការងារស្ថិរភាពដល់សិប្បករ សិល្បករ អ្នកបច្ចេកទេសពន្លឺសំឡេង អ្នកគ្រប់គ្រងទេសចរណ៍ បុគ្គលិកផ្នែកស្វាគមន៍ និងសេវាកម្មដទៃទៀត។ ជាពិសេសសម្រាប់សិប្បករខ្មែរ ដែលមានជំនាញចម្លាក់ថ្ម ចម្លាក់ឈើ សូត្រ និងសិប្បកម្មប្រពៃណីផ្សេងៗ អគារនេះនឹងក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់បង្ហាញ និងលក់ផលិតផលដោយផ្ទាល់ទៅកាន់ភ្ញៀវទេសចរ។
លោក ង៉ូវ សេងកាក់ បន្ថែមថា គម្រោងនេះនឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជុំវិញ ដូចជា៖ សេវាកម្មដឹកជញ្ជូនទេសចរ, ភោជនីយដ្ឋាន និងហាងកាហ្វេ, សណ្ឋាគារ និងកន្លែងស្នាក់នៅ, អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដែលលក់ផលិតផលក្នុងស្រុក ការកើនឡើងនៃភ្ញៀវទេសចរ នឹងធ្វើឱ្យអាជីវកម្មទាំងនេះ មានចំណូលកើនឡើង ហើយនេះជាឱកាសបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងការបង្កើតចំណូល និងពង្រឹងជីវភាពគ្រួសារ។
លោក កាយ ទ្បូត បានលើកឡើងថា អគារមហោស្រពសិប្បករអង្គរ នឹងបើកទំព័រអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងបេសកកម្មអភិរក្ស និងអភិវឌ្ឍកេរដំណែលវប្បធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរ គឺការស្ថាបនាអគារមហោស្រពសិប្បករអង្គរ ដែលមានកម្ពស់ ៣ជាន់ នៅលើផ្ទៃដី១២០០ម៉ែត្រការេ ដោយប្រើទុនវិនិយោគសរុបជាង ៥ លានដុល្លារអាមេរិក។
លោកបានបន្តថា គម្រោងនេះ គឺជាការវិនិយោគរួមគ្នាជាយុទ្ធសាស្ត្រ រវាងសិប្បករអង្គរ (Artisans Angkor) និងអ៊ីមមើស៊ីវអង្គរ (Immersive Angkor)។ វាជាការសំយោគបញ្ចូលគ្នានូវសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៖ មួយគឺជាពិភពវប្បធម៌ផ្នែកកេរដំណែលសិល្បៈ ហត្ថកម្មខ្មែរ។
ដូចជា៖ ចម្លាក់ឈើ ចម្លាក់ថ្ម ចម្លាក់ប្រាក់ ឌុកម្រ័ក្សណ៍ តម្បាញសូត្រ របស់សិប្បករអង្គរ និងមួយទៀត គឺជាពិភពទស្សនីយភាព នៃបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ ដោយប្រើបច្ចេកវិទ្យាសោត ទស្សន៍ទំនើបជាងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអ្នកទស្សនាមានអារម្មណ៍ថា កំពុងអណ្តែតត្រសែត នៅក្នុងសម័យកាលអាណាចក្រខ្មែរដ៏រុងរឿង។
ជាមួយនេះ លោកបញ្ជាក់ថា មហោស្រពសិប្បករអង្គរ នឹងផ្តល់នូវគុណប្រយោជន៍ជាការចូលរួមធ្វើពិពិធកម្ម និងលើកកម្ពស់តម្លៃទេសចរណ៍កម្ពុជា តាមរយៈការបង្កើត «កញ្ចប់ទេសចរណ៍ពិសេស» ពោលគឺ មហោស្រពសិប្បករអង្គរ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ បំពេញបន្ថែមពីលើគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីចូលរួមចំណែកទាក់ទាញពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាសំខាន់ក្នុងការជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក៕





























