សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត និងគ្រួសារកងទ័ពនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ
23-02-2026 15:25
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកស្រី យស ថានារី លោកស្រី សៀង លី និងលោកស្រី ហុក ផល្លី បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនគ្រួសារមានជីវភាពខ្វះខាត និងគ្រួសារកងទ័ព នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។
នៅក្នុងពិធីសំណេះសំណាកនេះ លោកស្រីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែយកចិត្តទុក្ខដាក់ និងគិតគូរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត។
លោកស្រី អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលរបស់យើងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ ។
លោកស្រីបន្ថែមថា អំណោយចែកជូននេះទោះបីជាមិនបានតាមតម្រូវការរបស់បងប្អូនក៍ពិតមែន ប៉ុន្តែជាការចែករំលែក ក៏ដូចជាទឹកចិត្តគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសម្រាប់ដោះស្រាយជីវភាពទាន់ពេលវេលា។ លោកស្រីបានជំរុញ ឱ្យបងប្អូនទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ដើម្បីបន្តដំណើរបានមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។
លោកស្រីថ្លែងអំណរគុណអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសលោកស្រីមេឃុំដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថមមានចំនួន២៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ក្រមា១ សារុង១ អង្ករ២០គីឡូ ទឹកត្រីទឹកស៊ីវអ៊ីវ៤ដប មី១កេះ និងថវិកាមួយចំនួន៕




