មន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រកាសផ្ដល់សេវាពិគ្រោះពិនិត្យព្យាបាលភ្នែក និងវគ្គកាត់ភ្នែកជូនប្រជាពលរដ្ឋ រយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ

23-02-2026 15:35

(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា មន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែកគាំទ្រ ដោយអង្គការសេវាសង្គមកាណាដា នឹងផ្ដល់សេវាពិគ្រោះពិនិត្យព្យាបាលភ្នែក និងវគ្គកាត់ភ្នែកជូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ក្រុមវេជ្ជបណ្ឌិត​​​​​​​​​​ បានមានប្រសាន៍ថា អត្រាជំងឺភ្នែកឡើងបាយ កន្ទុយថ្លែន និងជំងឺផ្សេងៗ បានប្រទះឃើញមានអាត្រាកើតមានឡើងគួរឱ្យកត់សម្គាល់ក្នុងសង្គមបច្ចុប្បន្ន។ ហើយបញ្ហានេះដោយសារកង្វះការធ្វើអនាម័យ ការការពារ ឬខ្លះទៀតការវិវឌ្ឍន៍វ័យរបស់មនុស្សកាន់តែចាស់។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា មន្ទីរពេទ្យបង្អែកខេត្តមានសេចក្តីសោមនោស្សរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយគ្រូពេទ្យមកពីកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល។ លោក បានបន្តថា ហើយក្នុងចំណោមជំងឺរលាកបាតភ្នែក និងភ្នែកដុះកន្ទុយថ្លែនបឬប្រវ៉ាងភ្នែក ជំងឺភ្នែកឡើងបាយ ត្រូវបានប្រទះឃើញច្រើនចំពោះពលរដ្ឋដែលខ្វះការអនាម័យសុខភាព និងវិវឌ្ឍន៍ទៅតាមអាយុរបស់មនុស្សចាស់។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្តថា ព្រោះតែហេតុនេះ ទើបមន្ទីរពេទ្យបង្អែកខេត្ត បន្តកិច្ចសហការយ៉ាងជិតស្និតជាមួយកម្មវិធីសុខភាពភ្នែកថ្នាក់ជាតិ មកជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដែលមានជំងឺភ្នែករយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែកុម្ភៈ ដោយឥតគិតថ្លៃ។

ទន្ទឹមនោះ មន្ទីរពេទ្យបង្អែកខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក មេត្តាប្រញាប់មកកាន់មន្ទីរពេទ្យកុំទុកហួសពេលពិបាកព្យាបាល ក្នុងការព្យាបាលហើយក៏គួរជម្រាបថា កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយគ្រូពេទ្យបារាំង ចុះមកពិនិត្យជំងឺត្រចៀក បំពង់ក និងបញ្ហាភ្នែកផងដែរ៕