អភិបាលខេត្តកណ្ដាល ជំរុញឲ្យពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គិភ័យ និងសង្គ្រោះទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងបណ្ដារោងចក្រសហគ្រាសនានា
23-02-2026 17:16
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញនគរបាលជំនាញ ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ឬកាត់បន្ថយការរីករាលដាល នៃអគ្គីភ័យកុំឱ្យកាន់តែធំបន្ថែមទៀត។
លោមអភិបាលខេត្តកណ្ដាល បានបានជំរុញដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៧ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ។
ក្នុងឱកាសនោះលោកអភិបាលខេត្តកណ្ដាល ណែនាំដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀតឱ្យបានល្អ ដើម្បីអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គិភ័យបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាលព្រោះថា ជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀតដូចជា បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា។
អភិបាលខេត្តកណ្ដាល បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ននៅរដូវប្រាំងនេះ សូមបង្ការគ្រោះថ្នាក់អគ្គីភ័យនៅក្នុងលំនៅឋាន ផ្ទះសំបែង របស់បងប្អូនទាំងអស់គ្នា។ ដើម្បីឱ្យវិធានការក្នុងការបង្ការ អគ្គិភ័យ កុំឱ្យកើតឡើង គឺត្រូវមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋបានយល់ដឹងពីវិធីងាយៗក្នុងការបង្ការ និងទប់ស្កាត់អគ្គីភ័យ នោះនៅក្នុងឆ្នាំ២០២៦ នេះនឹងកាត់បន្ថយគ្រោះ អគ្គិភ័យបានយ៉ាងច្រើនបំផុត។
លោកឧត្តមសេនីយត្រី សារុន ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកណ្តាល បានឱ្យដឹងថា នៅទូទាំងខេត្តកណ្ដាលគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន ១២៦ បណ្តាលឱ្យខូចខាត ឆេះផ្ទះ៦៦ខ្នង ឆេះផ្ទះល្វែង៦ល្វែង ឆេះស្មៅ និងព្រៃត្រែង៤៥កន្លែង ឆេះហាង២កន្លែង ឆេះឃ្លាំង៤ខ្នង ឆេះរថយន្ត១១គ្រឿង ឆេះម៉ូតូ២២គ្រឿង ឆេះយានដ្ឋានជួសជុលរថយន្ត១កន្លែង ឆេះសិប្បកម្ម១កន្លែង និងឆេះផ្សារចំនួន៤តូប បណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ស្លាប់ចំនួន៥នាក់ និងរងរបួសចំនួន១១នាក់។ ហើយមូលហេតុបណ្ដាលមកពី ទុស្សេខ្សែភ្លើង ការអុជធូបទៀននៅពេលបុណ្យទាន ការបោះកន្ទុយបារីនៅតាមវាលស្រែ និងការយកឃ្មុំ៕

















































