ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ៣០០កេស ជូនកងរថក្រោះប្រចាំទិសខេត្តបន្ទាយមានជ័យ
23-02-2026 17:20
(បន្ទាយមានជ័យ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងលោក ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមសេនា តេជោសន្តិភាព នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ៣០០កេស ជូនកងរថក្រោះប្រចាំទិសខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក កែវ ផុង និងលោក ព្រហ្ម ប៊ុនឡុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។
លោក កែវ ផុង និងលោក ព្រហ្ម ប៊ុនឡុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក កែវ ផុង និងលោក ព្រហ្ម ប៊ុនឡុង ក៏បានជូនពរឱ្យវីរកងទ័ពទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

























