ឈើធំៗនៅឧទ្យានជាតិវើនសៃសៀមប៉ាង ត្រូវបានកាប់រំលំក្រោមរូបភាពធ្វើទូកង (Video inside)
23-02-2026 19:45
(ស្ទឹងត្រែង)៖ ឈើគគីរ និងស្រឡៅធំៗជាង៣០ដើម នៅឧទ្យានជាតិវើនសៃសៀមប៉ាង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានគេកាប់រំលំក្រោមរូបភាពធ្វើទូកង។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីឧទ្យានុរក្សពីក្រសួងបរិស្ថាន បានលួចឆ្មក់ចុះទៅកាន់ទីតាំងកាប់ឈើខាងលើនេះ បានឃាត់ខ្លួនមនុស្ស២នាក់ គោយន្តកន្ត្រៃ១ និងម៉ាស៊ីនកាត់ឈើ២គ្រឿង។
មន្ត្រីបានឱ្យដឹងថា ឈើដែលកាប់មានគគីរ និងស្រឡៅ។ ក្នុងនោះគគីរដែលបានកាប់រំលំមានប្រមាណពី២០ ទៅ៣០ដើម និងស្រឡៅប្រមាណ៥ដើម។
ប្រភពបានឱ្យដឹងថា ការកាប់ឈើធំៗខាងលើនេះ មានឈ្មួញជាថៅកែឈ្មោះ សេក ម័រ។ មានមេការឈ្មោះ ហេង ជាអ្នករត់ការ និងប្រើលិខិតអនុញ្ញាតក្រោមរូបភាពកាប់ឈើទៅធ្វើទូកង។
ក្រោយការបង្ក្រាបជនសង្ស័យបានយកទៅកាន់ទីស្នាក់ការឧទ្យានជាតិវើនសៃសៀមប៉ាង។ យោងតាមចម្លើយអ្នកអារឈើ និងប្រធានសហគមន៍ បានឱ្យដឹងថា ការកាប់ឈើនេះមានយូរមកហើយ ដោយប្រើតែលិខិតចាស់ដដែលៗក្រោមរូបភាពស្នើសុំកាប់ ដើម្បីធ្វើទូកង។
ប្រធានសហគមន៍ បានស្នើក្រសួងបរិស្ថាន ឈប់ផ្តល់ការអនុញ្ញាតជាបន្តទៀត៕




