ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារជូនប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុ លើកទី៦៦ របស់ ព្រះចៅអធិរាជជប៉ុន

23-02-2026 20:15

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារគោរពជូន លោក អេសកិ ម៉ូរី (Eisuke Mori) ប្រធានរដ្ឋសភា នៃប្រទេសជប៉ុន ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចម្រើនព្រះជន្មាយុ លើកទី៦៦ របស់ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ (Naruhito) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចបានសរសេរសារថា «ឯកឧត្តមប្រធានរដ្ឋសភា ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និង ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភា សហការី និងតាមរយៈ ឯកឧត្តម សូមថ្វាយចំពោះ ព្រះរាជវង្សានុវង្ស និងប្រជាជនជប៉ុនទាំងអស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចម្រើនព្រះជន្មាយុ លើកទី៦៦ របស់ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ (Naruhito) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦»។

ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ត្រូវបានកសាង ថែរក្សាពូនជ្រំ និងលើកកម្ពស់ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងនាមប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រដ៏ល្អប្រពៃ និងដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកដល់សន្តិភាព ការអភិវឌ្ឍជាតិ និងភាពធន់របស់កម្ពុជា។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស រវាងស្ថាប័ននីតិប្បញ្ញត្តិ នឹងបន្តរីកចម្រើនលូតលាស់ខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត នាំមកនូវ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តមប្រធានរដ្ឋសភា ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តម ប្រធាន ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមជូនពរដល់ប្រទេសជប៉ុន បន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍៕