ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន៦០០កញ្ចប់ ជូនពលរដ្ឋនៅខេត្តពោធិ៍សាត់ និង៧០០កញ្ចប់ នៅខេត្តកំពង់ឆ្នាំង
23-02-2026 21:36
(ពោធិ៍សាត់)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន៦០០កញ្ចប់ ជូនសាសនិកឥស្លាម ភូមិស្វាយប៉ាក់ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងចំនួន៧០០កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា អំណោយនេះទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន៨,៨៥០កញ្ចប់ដល់កម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដោយមិនបានទូទៅនោះទេ ប៉ុន្តែនៅបណ្តាខេត្តខ្លះទៀត ទទួលបានអំណោយពីអង្គការសមាគមជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ។ អង្គការទាំងនោះមកពីប្រទេសសិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៉ី តួកគីយ៉េ អាឡឺម៉ង់ គុយវែត និងផ្សេងៗទៀត។
លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌ សម្រាប់១០៧ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលតែងតែផ្តល់ជារៀងរាល់ឆ្នាំផងដែរ។
ជាក់ស្តែងកាលពីឆ្នាំ២០២៥កន្លងទៅ បានផ្តល់ជំនួយជាផ្លែល្មើចំនួន២៥តោន និងគម្ពីរអាល់គួរអានចំនួន៥ម៉ឺនក្បាល, បើកទូលាយសម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី និងអ៊ុំរោះ។ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា អំណោយទាំងនេះគឺជាសក្ខីភាព នៃចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
សូមជម្រាបជូនថា ក្នុងកញ្ចប់អាហារនីមួយៗខាងលើ មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕

































