លោកសន្ដិបណ្ឌិត នេត សាវឿន ណែនាំក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ចាម បន្ដរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយកង្វល់ និងសេចក្ដីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន
23-02-2026 22:09
(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ព្រមទាំងអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង១០ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត។
ក្រោយស្ដាប់របាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រួចមក លោកសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម សម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាការលើកនូវទិសដៅត្រៀមអនុវត្តបន្ដផងដែរ។
ទន្ទឹមគ្នានោះ លោកសន្ដិបណ្ឌិត នេត សាវឿន ណែនាំដល់ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវបន្ដរៀបចំវេទិកាសាធារណៈឲ្យបានញឹកញាប់ជាប្រចាំ ដើម្បីក្ដាប់ឲ្យបាននូវបញ្ហាប្រឈម តម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដោះស្រាយឲ្យចំគោលដៅ។ ក្នុងករណីមិនមានលទ្ធភាពក្នុងការដោះស្រាយភ្លាមៗ ត្រូវរាយការណ៍សុំយោបល់ពីថ្នាក់លើដើម្បីសម្រេច។
បន្ថែមពីនេះ ត្រូវបន្តជួយរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ព្រោះថាសមាជិកក្រុមការងារមាន មន្ត្រីជំនាញពីគ្រប់ក្រសួងស្ថាប័ន ដូច្នេះត្រូវបែងចែក តាមវិស័យ ច្បាស់លាស់ ដើម្បីជួយរដ្ឋបាលខេត្ត ហើយក្រុមការងារទាំងអស់ត្រូវផ្ទេរពិសោធជំនាញ ជួយដល់មូលដ្ឋាន។ លើសពីនេះ ត្រូវបន្តកៀគរវិនិយោគ ជួយអភិវឌ្ឍមូលដ្ឋានក្នុងខេត្តកំពង់ចាម ឲ្យកាន់តែរីកចម្រើនបន្ដទៀត។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានជំរុញដល់ក្រុមការងារ ត្រូវសហការជាមួយមូលដ្ឋាន តាមដានការអនុវត្ត «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» និងជំរុញអាជ្ញាធរយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និង Online Scam។ ជាមួយគ្នានេះ ត្រូវជំរុញពលរដ្ឋសហការជាមួយសមត្ថកិច្ច ដោយត្រូវរាយការណ៍អំពីបទល្មើស និងអប់រំសមាជិកខ្លួនកុំឲ្យប្រព្រឹត្តអំពើល្មើស។
ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត ប្រធានក្រុមការងារ ក៏រំលឹកដល់ក្រុមការងារត្រូវសហការជាមួយមូលដ្ឋាន ជំរុញការផ្តល់សេវាធារណៈ ត្រូវចុះតាមដានជាប់ប្រចាំប្រសិទ្ធភាពការផ្តល់សេវារបស់មូលដ្ឋាន ក្ដាប់សំណូមពរ ការរអ៊ូរទាំពលរដ្ឋ ដើម្បីជំរុញមូលដ្ឋានផ្លាស់ប្ដូរចំណុចខ្វះខាត ពោលត្រូវដើតួនាទីជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល កែលម្អភាពខ្វះខាតមន្ត្រីតាមមូលដ្ឋាន ហើយត្រូវធ្វើជាមន្ត្រីបម្រើរាស្ត្រ ប្រកបដោយគុណភាព និងសីលធម៌៕


























