អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់អង្គទូត និងអង្គការអន្តរជាតិថាយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ នៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួនជាង ៧០០ហិកតា ក្រោយបទឈប់បាញ់

23-02-2026 22:12

(បន្ទាយមានជ័យ)៖ នៅចំពោះមុខឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ អំឡុងសង្គ្រាមឈ្លានពានលើកទី២ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺយោធាថៃ បានបំពានបទឈប់បាញ់ ដោយរុលមកកាន់កាប់ទឹកដីកម្ពុជា ទាំងកម្រោលនៅភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមាណ ៧៦៣ហិកតា ដោយខុសច្បាប់។

ការបកអាក្រាតពីទង្វើឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា បានធ្វើឡើងក្នុងឱកាសលោកបានធ្វើបទបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្របពេលលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ដែលយោធាថៃ បន្តដាក់ទូកុងតឺន័រលើដីកម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នយោធាថៃ បានរំលោភបំពានកាន់កាប់ដីកម្ពុជាខុសច្បាប់ប្រមាណ ៧៦០ហិកតា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន»

លោក អ៊ុំ រាត្រី បានឱ្យដឹងថា យោធាថៃ បានដាក់ទូកុងតឺន័រ នៅភូមិជោគជ័យចំនួន ៤ទីតាំង ដែលមាន ១៦កុងតឺន័រ និងកាន់កាប់ដី ១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃ បានដាក់ទូកុងតឺន័រចំនួន ៣ទីតាំង ដែលមានដល់ ៦៣កុងតឺន័រ និងកាន់កាប់ផ្ទៃដី ៤២ហិកតា។ នៅតំបន់បឹងត្រកួន ដែលមានចំនួន ៤ភូមិ ត្រូវបានថៃ កាន់កាប់ផ្ទៃដីចំនួន ៥៨៤ហិកតា និងដាក់ទូកុងតឺន័រ ១៣កន្លែង ដែលមាន ២៦កុងតឺន័រ។

សកម្មភាពយោធាថៃ បន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា មកទល់បច្ចុប្បន្ននេះ គឺកើតឡើងក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ទង្វើរបស់យោធាថៃមកលើទឹកដីកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ជាង ៣០០០គ្រួសារ មិនអាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈផ្ទះសំបែងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានយោធាថៃ វាយកម្ទេចចោល៕