អគ្គនាយក ARDB ចុះពិនិត្យវឌ្ឍនភាពផលិតកម្មស្រូវ-អង្ករ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពហិរញ្ញប្បទានរដ្ឋ និងរំពឹងថាឆ្នាំនេះ កម្ពុជានឹងអាចនាំចេញអង្ករបាន ១លានតោន
24-02-2026 08:16
(ពោធិ៍សាត់)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ របស់រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង គឺរោងម៉ាស៊ីនកិនស្រូវ ភួ គុកកី និងរោងម៉ាស៊ីនកិនស្រូវ តុង ហុង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ដំណាក់កាលនៃផលិតកម្ម រាប់ចាប់តាំងពី សកម្មភាពការប្រមូលទិញស្រូវពីប្រជាកសិករ, បច្ចេកទេសនៃការសម្ងួត និងការស្តុកទុកក្នុងឃ្លាំង, ដំណើរការកិនកែច្នៃ ការវេចខ្ចប់តាមស្តង់ដារ និងការត្រៀមនាំចេញ។
សូមបញ្ជាក់ផងដែរថា រោងម៉ាស៊ីនទាំងពីរខាងលើ គឺជាអតិថិជនរបស់ធនាគារ ARDB ដែលទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ARDB ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ។
តាមរយៈសកម្មភាពចុះផ្ទាល់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ដែលជាប្រតិបត្តិករផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដើម្បីជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យមានទុនបង្វិល និងទុនវិនិយោគ គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ ការបញ្ចេញហិរញ្ញប្បទានទាន់ពេលវេលា របស់ ARDB បានជួយទប់ស្កាត់ការបង្អាប់តម្លៃពីឈ្មួញកណ្តាល និងធានាថា កសិករទទួលបានតម្លៃសមរម្យសម្រាប់ទិន្នផលរបស់ពួកគេ។ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ លើបច្ចេកវិទ្យាសម្ងួតស្រូវ និងកិនកែច្នៃ ARDB បាននិងកំពុងជួយបង្កើនគុណភាពអង្ករកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចបានការនាំចេញអង្ករចំនួន ៩៤ម៉ឺនតោន ទៅទីផ្សារបរទេស, ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៦នេះ បណ្ឌិត កៅ ថាច ក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងម៉ាស៊ីន ដែលបានប្រើប្រាស់ហិរញ្ញប្បទានចំគោលដៅ និងបន្តបានជំរុញឱ្យបន្តពង្រឹងគុណភាពផលិតកម្ម ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវគោលនយោបាយនាំចេញអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបានដល់គោលដៅ៕






















