វិចិត្រករកំពុងមមាញឹកគូរផ្ទាំងគំនូរសន្តិភាព ដើម្បីដាក់បង្ហាញនៅរាជធានីភ្នំពេញ, ការគូរនឹងប្រើរយៈពេល១០ថ្ងៃ
24-02-2026 10:55
(ភ្នំពេញ)៖ ក្រុមវិចិត្រករជាច្រើនរូប កំពុងមមាញឹកក្នុងការគូរផ្ទាំងគំនូរក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦មកហើយ នៅបរិវេណមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ផ្ទាំងគំនូរដ៏ធំនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៣៥ម៉ែត្រ និងគ្រោងចំណាយពេលសរុបប្រមាណ១០ថ្ងៃ ដើម្បីបញ្ចប់ការគូរ។
ផ្ទាំងគំនូរសន្តិភាពនេះ មានគោលបំណងបង្ហាញពីសកម្មភាព និងបរិបទនានា ដែលឆ្លុះបញ្ចាំងពីស្នាមរបួស ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ ជាពិសេសក្នុងបរិបទជម្លោះព្រំដែននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ក៏មានបំណងលើកស្ទួយសារៈសំខាន់នៃសន្តិភាព និងការរក្សាអធិបតេយ្យភាពជាតិផងដែរ។
បន្ទាប់ពីបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ ផ្ទាំងគំនូរនឹងត្រូវដាក់តាំងឲ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦៕












