មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះទស្សនកិច្ចទីស្នាក់ការកណ្ដាលធនាគារ វីង និងកិច្ចពិភាក្សាផ្សេងៗដើម្បីជំរុញការផ្តល់សេវាវិនិយោគ និងអភិវឌ្ឍវិស័យឯកជននៅកម្ពុជាឱ្យកាន់តែប្រសើឡើង
24-02-2026 11:13
(ភ្នំពេញ)៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) នារសៀលទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទស្សនកិច្ចទីស្នាក់ការកណ្ដាលធនាគារ វីង និងជួបពិភាក្សាការងារជាមួយលោក Dmytro Kolechko អគ្គនាយក ធនាគារ វីង។
ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ធនាគារ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការចូលរួមរបស់ធនាគារក្នុងការជំរុញការបង្ខិតផ្ដល់សេវាសាធារណៈកាន់ទៅកាន់តែជិត កាន់តែមានភាពងាយស្រួលជូនដល់វិនិយោគិន និងសាធារណជនជាអ្នកស្នើសុំសេវា តាមរយៈបច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ បច្ចុប្បន្នប្រព័ន្ធធនាគារឌីជីថលរបស់គ្រឹះស្ថាននេះ បានអភិវឌ្ឍតភ្ជាប់សម្រាប់ការធ្វើអន្តរប្រតិបត្តិការជាមួយ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយជោគជ័យ និងគ្រោងបន្តនីតិវិធីស្នើសុំថ្នាក់ដឹកនាំដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ជាប្រព័ន្ធស្នូលសម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ពន្លឿននីតិវិធី ធានាតម្លាភាព និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង។ ប្រព័ន្ធ cdcIPM នេះតភ្ជាប់ទៅប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដែលផ្ដល់លទ្ធភាពកាន់តែប្រសើរជូនវិនិយោគិនក្នុងការទូទាត់កម្រៃសេវាជាទម្រង់ឌីជីថល សម្បូរបែប លឿនរហ័ស ដូចជាអាទិ៍ការទូទាត់តាមរយៈ ឃ្យូ.អ.កូដ កម្មវិធីធនាគារចល័ត និងការទូទាត់ប្រាក់អន្តរជាតិ ដូចជា Visa/MasterCard ផងដែរ ព្រមទាំងអាចតាមដានស្ថានភាពពាក្យស្នើសុំកាន់តែងាយស្រួលផងដែរ។
ការផ្ដល់ជូននូវជម្រើសទូទាត់សំបូរបែបទៅកាន់វិនិយោគិន និងសហប្រតិបត្តិករអភិវឌ្ឍន៍ គឺជាការគិតគូរយកចិត្តទុកដាក់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងដើម្បីចូលរួមធ្វើឱ្យកម្ពុជាអាចឈានទៅសម្រេចគោលដៅប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕































