រដ្ឋមន្ត្រី ឈាង រ៉ា៖ វិស័យសុខាភិបាល បន្តពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ

24-02-2026 14:36

(កំពង់ស្ពឺ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រមាណជិត៣០០នាក់ ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈ ក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌។

លោករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ពីការវិវត្តន៍ថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ និងជួសជុលបន្ថែមនូវអគារផ្សេងៗ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិក ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលខេត្តកំពង់ស្ពឺ ដែលមានទឹកចិត្តមុះមុត ក្នុងការជួយអន្តរាគមន៍សុខភាពពេលមានជម្លោះតាមព្រំដែន ចំពោះខេត្តមានតម្រូវការបន្ទាន់នៅជំនួយជាចាំបាច់ក្នុងការជួយសង្ក្រោះវីរកងទ័ព និងប្រជាជនភៀសសឹកកន្លងមក ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍ដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល យកទៅពិចារណា ក្នុងការរៀបចំផែនការ និងទិសដៅសម្រាប់ការងារ នៅក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់រួមមាន៖

១៖ បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព ។
២៖ បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី ។
៣៖ ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍ ។
៤៖ ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព នៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ ។
៥៖ ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៦៖ ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយតម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។
៧៖ បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន និងប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន។
៨៖ បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងអភិវឌ្ឍន៍វិស័យសុខាភិបាល ពិសេសការពង្រីកសេវានៅតាមសហគមន៍។
៩៖ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនទៅមុខ។
១០៖ ពង្រឹងការងារនិយតកម្មសុខាភិបាលឯកជន និងក្រមសីលធម៌គណៈវិជ្ជាជីវៈវេជ្ជសាស្រ្តទាំង៥។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកឡើងប្រកបដោយក្តីសង្ឃឹមថា មន្រ្តីសុខាភិបាលទាំងអស់ ត្រូវចែករំលែកផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែង របស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល យកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យ និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្ត ឱ្យបានកាន់តែល្អប្រសើរថែមទៀត ៕