តុលាការសម្រេចឃុំខ្លួនជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធ Online Scam
28-02-2026 14:35
(ភ្នំពេញ)៖ លោក ស សំណាងស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន២ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
ជនជាតិចិន ដែលចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តតាមច្បាប់នេះ មានទី១-ឈ្មោះ WANG ZONGQING និងទី២-ឈ្មោះ LIU DINGHUA។
ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចផ្ទះលេខ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕









