ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរជ្រៅ ប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ និងតម្រង់ទិសការងារ ត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
28-02-2026 14:52
(បន្ទាយមានជ័យ)៖ លោក ជា ឆេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរជ្រៅ និងលោកស្រី នួម សុភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់គណ:កម្មាធិការគណបក្សស្រុក និងផ្សព្វផ្សាយរបាយការណ៍សភាពការណ៍ទូទៅឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល។
កិច្ចប្រជុំនេះមានការចូលរួមពីលោក តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរជ្រៅ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណបក្សទាំងអស់ប្រមាណ ៣៥០នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់គណៈកម្មាធិការគណបក្សស្រុក និងការផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល លោក ជា ឆេង បានថ្លែងសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៃស្រុកអូរជ្រៅ។
លោកបានគូសបញ្ជាក់ផងដែរអំពីសភាពការណ៍ដែលថៃបានឈ្លានពានរំលោភលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានានា ដើម្បីរក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសការខិតខំតស៊ូតាមផ្លូវការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។
ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក-ឃុំក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ ព្រះចៅអធិការវត្ត ព្រះសង្ឃ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ និងចូលរួមផ្តល់ទីជម្រក និងការទំនុកបម្រុងស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅទូទាំងមូលដ្ឋានស្រុកអូរជ្រៅ ចាប់តាំងពីមានសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យកម្ពុជារហូតមកដល់ពេលនេះ។
ជាមួយគ្នានេះ លោកបានផ្តល់នូវមតិតម្រង់ទិសមួយចំនួនសម្រាប់ជាទិសដៅការងារ និងភារកិច្ចសំខាន់ៗសំដៅត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ ផងដែរ៕














