ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជាជាង ៣ពាន់កេស ជូនវីរកងទ័ព ឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តឧត្តរមានជ័យ

28-02-2026 15:22

(ឧត្តរមានជ័យ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ៣ ២៥៥កេស ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះលោក កែវ ផុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។

លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕